ភ្នំពេញ÷លោក ខាន់ សុវណ្ណ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះបានសរសេរនៅលើ Facebook របស់ខ្លួនឈ្មោះថា «សុវណ្ណ ខាន់ អពប» ថា «កម្ពុជាកំពុងខ្វះខាតកម្លាំង ពលកម្មក្នុងវិស័យសំណង់ និងត្រូវការកម្មករ ជំនាញ និងគ្មានជំនាញជាច្រើនម៉ឺននាក់ដើម្បីបង្គ្រប់ទីផ្សារ។ ១៖ ចាត់ការផ្សឹកលោកសង្ឃដែលកំពុងពេញកម្លាំងក្រោម អាយុ៥៦ឆ្នាំចោលឲ្យអស់។
២៖ ចាត់ការដំឡើងប្រាក់ឈ្នួលរបស់កម្មករសំណង់នោះឲ្យបានស្មើតម្លៃពលកម្មរបស់ប្រទេសថៃ។ តើអាចទៅរួចដែរទេ?»
ការបង្ហោះសារបែបនេះ ធ្វើឲ្យគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា មានប្រតិកម្មនិងបានចេញសេចក្តីថ្លែងការណ៍បង្ហាញប្រតិកម្មយ៉ាងខ្លាំងក្លា នៅថ្ងៃទី២១ឧសភានេះ ដោយមិនអាចទទួលយកបានការលើកឡើងបែបនេះនោះឡើយ ។ គណៈសង្ឃនាយក បានចាត់ទុកការលើកឡើងនេះ «ជាគំនិតខ្វះវិចារណញ្ញាណ»។
នៅក្នុងសេចក្តីថ្លែងការណ៍ប្រតិកម្មនេះ គណៈសង្ឃនាយក បានគូសបញ្ជាក់ថា សំណេរ និងការលើកឡើងនេះ គណៈសង្ឃនាយកនៃកម្ពុជាសូមបដិសេធយ៉ាងដាច់ អហង្ការចំពោះគំនិតយោបល់នេះ ហើយពុំអាចទទួលយកបានជាដាច់ខាត។
ក្នុងសេចក្តីថ្លែងការណ៍នេះ គណៈសង្ឃនាយកយល់ឃើញថា គំនិតយោបល់របស់លោក ខាន់ សុវណ្ណ បានបង្កប់នូវអត្ថន័យខ្លឹមសារ និងការឆ្លុះបញ្ចាំងដូចខាងក្រោម៖
១៖ ភាពអសីលធម៌ គំនិតលាមក និងភាពយង់ឃ្នងសាហាវឃោរឃៅព្រៃផ្សៃបំផុត
២៖ ការប្រមាថមាក់ងាយមកលើព្រះសង្ឃពុទ្ធសាសនាគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស
៣៖ ការបង្វែរគំនិតមហាជនឱ្យដើរជាន់ដានប្រវត្តិសាស្ត្រ ល្វីងជូរចត់(បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ) ជារបប ខ្មៅងងឹតទមិឡឥតសាសនាដែលពិភពលោក និងមនុស្សជាតិស្អប់ខ្ពើមជាទីបំផុត
៤៖ រំលោភក្រមព្រហ្មទណ្ឌកម្ពុជាត្រង់មាត្រា៥១៦ ពីបទប្រមាថកាតតៀនចំពោះព្រះសង្ឃ និងជា ការប៉ះពាល់ស្មារតីមាត្រា៤៣ នៃច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាចែងថា ពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលរដ្ឋ មានកាតព្វកិច្ចការពារមិនឱ្យបុគ្គលណារំលោភបំពានបានឡើយ
៥៖ ជាការរំលោភសិទ្ធិមនុស្សជាសកលដែលចែងអំពីសិទ្ធិជំនឿ និងការរស់រានមានជីវិតប្រកប ដោយសេចក្ដីថ្លៃថ្នូរក្នុងភេទជាបព្វជិតក្ដី និងជីវភាពជាគ្រហស្ថក្ដី
៦៖ គំនិតខ្វះការគិតគូរវែងឆ្ងាយ ខ្វះពិសោធន៍ ខ្វះចំណេះដឹងប្រវត្តិសាស្ត្រ គ្មានសុចរិតភាព គ្មាន ភាពយុត្តិធម៌ និងគ្មានសេចក្ដីថ្លៃថ្នូរក្នុងការប្រើប្រាស់សំណេរ និងការបញ្ចេញមតិ។
៧៖ បង្កើតនូវភាពឈឺចាប់ និងការចងកម្មពៀរវេរាដល់យុវសង្ឃ និងពុទ្ធបរិស័ទ ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់គណ:សង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា៖