ព័ត៌មានទាន់ហេតុការណ៍៖

ប្រវត្តិ- អ្នក​តា​ទ្វារ​ស្រុក

ចែករំលែក៖

នៅ​ភូមិ​កំពង់​សំរឹទ្ធិ ឃុំ​មៀន ស្រុក​ព្រៃ​ឈរ (កំពង់​ចាម) មាន​អ្នក​តា​មួយ​សំខាន់​ជាង​គេ​ឈ្មោះ​អ្នក​តា “ទ្វារ​ស្រុក” មាន​ទី​លំនៅ​ៗ​លើ​ដី​ទួល​មួយ​ខ្ពស់ ជិត​ជើង​ភ្នំ ។ ត្រង់​កន្លែង​ដី​ទួល​នោះ កាល​ពី​ដើម​គ្មាន​ដើម​ឈើ​សោះ​ទេ មាន​តែ​វាល​ទទេ យូរ​ក្រោយ​បន្តិច​មក ស្រាប់​តែ​មាន​តា​ចាស់​ម្នាក់​ស្លៀក​ពាក់​ស្អាត​បាត ទៅ​និយាយ​នឹង​លោក​គ្រូ​ចៅ​អធិការ​វត្ត​កំពង់​សំរឹទ្ធ​ថា “ខ្ញុំ​ករុណា​មក​សុំ​រោង​លោកគ្រូ​មួយ​ជ្រក​កោន​ផង សព្វ​ថ្ងៃ​គ្មាន​ម្លប់​ជ្រក​ទេ” លោក​គ្រូ​ចៅ​អធិការ​សួរ​ថា: “តា​ឯង​នៅ​ឯ​ណា?” តា​នោះ​ឆ្លើយ​ថា “ខ្ញុំ​ករុណា​នៅ​ត្រង់​ដី​ទួល​ខ្ពស់​នោះ​ឯង” ទើប​លោក​គ្រូ​ចៅ​អធិការ​ថា “តា​ឯង​ទៅ​ចុះ ចាំ​ថ្ងៃ​ក្រោយ​អាត្មា​ទៅ​ធ្វើ​រោង​មួយ​ឲ្យ” លោក​គ្រូ​ថា​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​បែរ​មើល​តា​នោះ បាត់​ភ្លាម​មួយ​រំពេច រក​មើល​ពុំ​ទាន់ មិន​ដឹង​ជា​ទៅ​ផ្លូវ​ណា ។

ដល់​ថ្ងៃក្រោយ លោក​គ្រូ​ចៅ​អធិការ​រៀប​រាប់​ប្រាប់​អាចារ្យ​វត្ត​តាម​ដំណើរ​រឿង ទើប​អាចារ្យ ដើរ​បបួល​ឧបាសក-សិកា​ជើង​វត្ត​ទាំង​អស់​គ្នា ឲ្យ​យក​ឈើ​ធ្វើ​រោង​ប្រក់​ក្បឿង ត្រង់​កណ្ដាល​ដី​ទួល​ឲ្យ​តា​ទ្វារ​ស្រុក​នៅ អ្នក​ស្រុក​ទាំង​អស់​ក៏​ស្រុះ​ស្រួល ខ្លះ​បាន​ឈើ ខ្លះ​បាន​ក្បឿង​នាំ​គ្នា​ធ្វើ​រោង​ហើយ​ជា​ស្រេច ទើប​យក​ថ្ម ១​ដុំ ទំហំ ២ម បួន​ជ្រុង​ទៅ​តម្កល់​ទុក​ក្នុង​រោង​តំណាង​រូប​អ្នក​តា “តា​ទ្វា​រស្រុក” ។ រួច​អាចារ្យ​និង​ពពួក​ឧបាសក​ជើង​វត្ត​ទាំង​អស់ កំណត់​ថ្ងៃ​ខែ​ឆ្នាំ នឹង​ធ្វើ​បុណ្យ​ថ្វាយ​មួយ​យប់ សូម​ឲ្យ​តា​ទ្វារ​ស្រុក​ថែរក្សា​កូន​ចៅ​នៅ​ក្នុង​ស្រុក​ទាំង​មូល ឲ្យ​បាន​សុខ​សប្បាយ បើ​មាន​កើត​ជំងឺ​ឯ​ស្រុក​ភូមិ​ក្រៅ សូម​តា​ទ្វារ​ស្រុក ជួយ​កម្ចាត់​បង់​ឲ្យ​ចេញ​ឆ្ងាយ​ពី​ស្រុក​ទៅ កុំ​ឲ្យ​មក​បៀតបៀន​ដល់​កូន​ចៅ​ក្នុង​ស្រុក​ឲ្យ​សោះ ។ តាំង​ពី​ពេល​នោះ​មក អ្នក​ស្រុក​បាន​សុខ​សប្បាយ​ដូច​សេចក្ដី​ប្រាថ្នា​មែន ក៏​បបួល​គ្នា​កំណត់​ធ្វើ​បុណ្យ ១ ឆ្នាំ​ម្ដង​ៗ​រាល់​ឆ្នាំ ។

តែ​បើ​ឆ្នាំ​ណា​មាន​កើត​ជំងឺ​ផ្សេង​ៗ​ក្នុង​ស្រុក អ្នក​នាំ​គ្នា​ភ័យ​ឆោឡោ បបួល​គ្នា​ទៅ​អុជ ទៀន​ធូប​ត្រង់​មុខ​អ្នក​តា​តា​ទ្វារ​ស្រុក និយាយ​ថា “កូន​ចៅ​មាន​ភ័យ​តក់​ស្លុត​ខ្លាំង​ណាស់ ឥឡូវ​មក​សុំ​ឲ្យ​តា​ទ្វារ​ស្រុក​ជួយ​កម្ចាត់​ភិត​ភ័យ​ចេញ នឹង​ធ្វើ​បុណ្យ​ថ្វាយ​មួយ​យប់។ ”

ត្រឡប់​មក​ផ្ទះ​វិញ ជំងឺ​ទាំង​ប៉ុន្មាន​ក៏​ស្បើយ​ល្ហើយ​ដូច​ចិត្ត​ប្រាថ្នា ក៏​ជឿ​ជាក់​ពិត​ៗ បបួល​គ្នា​ធ្វើ​បុណ្យ​ថ្វាយ កំណត់​ថ្ងៃ​ទៅ​និមន្ត​លោក​ចម្រើន​ព្រះ​បរិត្ត​និង​ទេសនា ព្រឹក​ឡើង​ប្រគេន​ចង្ហាន់​ដារ​ឆ្លង ហើយ​បបួល​គ្នា​យក​បាយ សម្ល បង្អែម ទៅ​ដាក់​សែន​នៅ​មុខ​អ្នក​តា តា​ទ្វារ​ស្រុក​និយាយ​ថា “កាល​កូន​ចៅ​មាន​ភ័យ មក​បន់​លោក​តា​ទ្វារ​ស្រុក​ឲ្យ​ជួយ​កម្ចាត់​ជំងឺ​ដែល​កូន​ចៅ​ឈឺ​នោះ តា​ទ្វារ​ស្រុក​ក៏​ជួយ​កាន់​ខ្នង​រង​មុខ​កម្ចាត់​ជំងឺ​បាន​ជា​ស្បើយ​មែន ឥឡូវ​នេះ យើង​ធ្វើ​បុណ្យ​ថ្វាយ​រួច​សព្វ​គ្រប់​អស់​ហើយ សូម​តា​ទ្វារ​ស្រុក​កុំ​ចាប់​មាត់​ចាប់​ពាក្យ​កូន​ចៅ​ទាំង​អស់​គ្នា​ទៀត បើ​មាន​ការ​ថ្លោះ​ធ្លោយ​ខ្វះ​ខាត​អ្វី សុំ​កុំ​ប្រកាន់​​អូស​ដំណើរ​ឲ្យ​សោះ ។

រឿង​អ្នក​តាទ្វារស្រុកនេះ លោក ងួន អយ ជា​អាចារ្យ​សម្រាប់​វត្ត​កំពង់​សំរឹទ្ធិ បាន​តំណាល​ថា: កាល​ពី​ដើម​ត្រង់​ដី​ទួល​ខ្ពស់​ដែល​ជា​កន្លែង​អ្នក​តា​នេះ គ្មាន​ដើម​ឈើ​មួយ​ដើម​សោះ​ទេ ដី​ទួល​នេះ​នៅ​ខាង​មុខ​ភ្នំ នៅ​ភ្នំ​នោះ​មាន​តែ​ផ្លូវ​រទេះ​មួយ​ប៉ុណ្ណោះ សម្រាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ ។ ឯ​ផ្លូវ​រទេះ​នេះ​ចុង​ម្ខាង ចុះ​ត្រង់​ទៅ​ទួល​មួយ​ខ្ពស់​ដែល​ជា​កន្លែង​អ្នក​តា បើ​អ្នក​ស្រុក​ជិត​ឆ្ងាយ​បរ​រទេះ មក​ដល់​ទី​ទួល​ខ្ពស់​នោះ​ហើយ មិន​បាន​ដាក់​នំ​ចេក ដូង ថ្វាយ​ទេ រទេះ​នោះ​នឹង​បាក់​កង់-កាំ ផ្អើល​គោ​ក្របី​រត់​ចោល​រទេះ ឬ ក៏​ធ្វើ​មនុស្ស​ឲ្យ​ចុក​ពោះ គ្រុន​ក្ដៅ រងា​ញ័រញាក់ មិន​ឃ្លាន​បាយ​ទឹក ទាល់​តែ​យក​មាន់​ស ១​គូ ដូង ១​គូ បាយ​ស-​ក្រហម បង្អែម ចំអាម ថ្វាយ និយាយ​សុំ​ទោស ទើប​ជា​ភ្លាម ។

បាន​ជា​គេ​ហៅ​អ្នក​តា​នេះ​ថា “តា​ទ្វារ​ស្រុក” ព្រោះ​មាន​រឿង​តំណាល​ថា:

នៅ​លើ​ទី​ទួល​ខ្ពស់​នោះ ពី​ដើម​មាន​តា​ចាស់​ម្នាក់​ឈ្មោះ ជា គាត់​បាន​ទៅ​កាប់​គាស់​ដី​ដាំ​ដំណាំ​ផ្សេង​ៗ មិន​បាន​ប៉ុន្មាន តា​ជា ក៏​ឈឺ​ចាញ់​ស្លាប់​ទៅ ។ កន្លែង​ដី​ទួល តា​ជា ធ្វើ​ចម្ការ​នេះ​ទុក​ចោល​ទំនេរ គ្មាន​អ្នក​ណា​ហ៊ាន​មក​ធ្វើ​ដំណាំ​ត​ទៅ​ទៀត​សោះ ដោយ​ទួល​នេះ​នៅ​ចំ​ផ្លូវ​រទេះ​ដែល​ចេញ​មក​ពី​ភ្នំ ទៅ​កាន់​ស្រុក​ឯ​ទៀត​ៗ​នោះ ទើប​គេ​សន្មត​ហៅ​ទួល​នេះ​ថា ទួល​តា​ទ្វារ​ស្រុក យូរ​ទៅ​ក៏​ក្លាយ​ទៅ​ជា​តា​ទ្វារ​ស្រុក​ៗ រហូត​មក​ដល់​សព្វ​ថ្ងៃ ។ ខ្មោច​តា​ជា​ដែល​បាន​ស្លាប់​នៅ​លើ​ដី​ទួល​នេះ​ហើយ ដែល​បាន​ក្លែង​ខ្លួន​ស្លៀក​ពាក់​ស ទៅ​និយាយ​សុំ​រោង​លោក​គ្រូ​ចៅ​អធិការ​វត្ត​កំពង់​សំរឹទ្ធ ហើយ​ដែល​បាន​ក្លាយ​ជា​អ្នក​តា​ហៅ​ថា​អ្នក​តា តា​ទ្វារ​ស្រុក​ៗ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ឯង ៕ ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងនិងទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖