ខេត្តកណ្ដាល៖ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ ជិះម៉ូតូជាមួយម្ដាយយកបាយទៅឲ្យតៃកុងរថយន្តដឹកដី តែអកុសលខណៈមកដល់លើស្ពានក៏ស្រាប់តែរអិលដួល បណ្ដាលឲ្យក្មេងប្រុសខ្ទាតតាមបង្កាន់ដៃស្ពានធ្លាក់ចូលក្នុងទឹកទន្លេបាត់ខ្លួនកាលពីថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២០ វេលាម៉ោងប្រមាណ១៩ ត្រង់ចំណុចស្ពានដែកបាឡេសិត្បូ ស្ថិតក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល រហូតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦និង០៤នាទីល្ងាចទើបប្រទះឃើញសាកសពក្មេងប្រុសរងគ្រោះអណ្ដែតលើផ្ទៃទឹក ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រួយ មានហេង ភេទប្រុស អាយុ២ឆ្នាំ នៅក្នុងបន្ទុកឪពុកម្តាយ ជនជាតិខ្មែរ មានឪពុកឈ្មោះ ស្រឹម ស្រូយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរនិងម្តាយឈ្មោះ មាស ដាវ៉ាន់ ភេទស្រី អាយុ ២១ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរមានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩ ម្តាយជនរងគ្រោះបានជិះម៉ូតូដោយឲ្យកូន(ក្មេងប្រុសរងគ្រោះ)ជិះខាងមុខ ហើយឈ្មោះ មាស រដ្ឋា ភេទប្រុសអាយុ១៧ ជាប្អូនជិះខាងក្រោយក្នុង គោលបំណងយកបាយទៅឱ្យតៃកុងរថយន្តដឹកដីនៅកោះអន្លង់ចិន។ លុះបើកម៉ូតូមកដល់កណ្តាលស្ពានបាឡេ ម៉ូតូក៏បានរអិលដួល (ក្រោយភ្លៀងធ្លាក់សភាពស្ពានរអិល ព្រោះមានអាចម៍ដីភក់) បណ្តាលឱ្យជនរងគ្រោះខ្ទាតធ្លាក់តាមបង្កាន់ដៃស្ពានចូលក្នុងទឹកទន្លេតែម្តង ។ បន្ទាប់មកម្ដាយក្មេងប្រុសរងគ្រោះក៏បានលោតចុះទៅតាមរាវរក ប៉ុន្តែពុំឃើញជនរងគ្រោះជាកូនឡើយ រួចក៏បានជិះទៅរកបងប្អូនដើម្បីឱ្យជួយរាវរក និងរាយការណ៍ទៅកម្លាំងប៉ុស្តិ៍ដើម្បីឱ្យចុះទៅជួយធ្វើអន្តរាគមន៍នៅកន្លែងកើតហេតុភ្លាមៗផងដែរ តែរកមិនឃើញជនរងគ្រោះឡើយ។ លុះដល់ថ្ងៃទី២០.ខែឧសភា.ឆ្នាំ២០២០វេលាម៉ោង១៦និង០៤នាទីល្ងាចទើបឪពុកម្តាយនិងបងប្អូនបានឃើញសពជនរងគ្រោះអណ្តែតឡើងលើ ក៏បាននាំគ្នាស្រង់ជនរងគ្រោះឡើងមក។បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ ដោយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយលង់ទឹកប្រាកដមែន ។
សាកសពត្រូវសមត្ថកិច្ចជំនាញ ប្រគល់ទៅឲ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ស្អាង ជ័យ