ខេត្តសៀមរាប ៖ លោកយិន ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះថា សំណង់ និងតូបលក់ដូរទាំងអស់ដែលមាននៅមុខបរិវេណ ប្រាសាទអង្គរវត្តនាពេលនេះ នឹងត្រូវរុះរើចេញទាំងអស់នៅត្រឹមចុងឆ្នាំ២០២០ ដោយក្នុងនោះ សម្រាប់អគារនគរបាលបេតិកភណ្ឌត្រូវរុះរើប្តូរទៅទីតាំងថ្មី ។
សម្រាប់តូបលក់ដូរទាំងអស់រួមជាមួយតូបនៅជុំវិញត្រពាំងសេះ គឺត្រូវរើចេញទាំងអស់ដោយឱ្យចូលទៅលក់ទីតាំងថ្មីនៅក្នុង មជ្ឈមណ្ឌលបដិសណ្ឋារកិច្ច ហើយសម្រាប់អគាររបស់អាជ្ញាធរជាតិអប្សរា ដែលមាននៅបរិវេណមុខប្រាសាទអង្គរនេះ ក៏កំពុងតែធ្វើការរុះរើចេញបណ្តើរៗហើយដែរ។ ដោយទីតាំងនៅ បរិវេណប្រាសាទអង្គរវត្តនេះ ត្រូវបានកែលម្អទៅជាតំបន់បៃតងសម្បូរទៅដោយផ្កាចម្រុះ និងដើមឈើប្រណិតៗ ហើយគម្រោងនេះអនុវត្តន៍បានប្រមាណជិត៦០ភាគរយហើយ។
លោកយិន ចាន់ដារដ្ឋ បានបញ្ជាក់ថា ខណៈដែលពិភពលោកក៏ដូចជាប្រទេស កម្ពុជាបានរងគ្រោះដោយសារមេរោគកូវីដ-១៩ អាជ្ញាធរជាតិអប្សរាមិនបាននៅស្ងៀមទេ គឺបានខិតខំកែលម្អ និងអភិវឌ្ឍន៍នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះឱ្យកាន់តែមានភាពល្អប្រសើរ ហើយសង្ឃឹមថា នៅពេលស្ថានភាពកូវីដ-១៩មានភាពស្ងប់ស្ងាត់ទៅវិញ អ្នកទេសចរ មកទស្សនាអង្គរ និងមានការពេញចិត្តចំពោះសមិទ្ធផលថ្មីៗដែលពួកគេបានឃើញ៕
ដោយ៖ហេង សូរិយា