រដ្ឋាភិបាលសិង្ហបុរីបាន អនុញ្ញាតិឲ្យដំណើរការហោះហើរ ប្តូរជើងយន្តហោះដូចដើមនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Changi ចាប់ពីថ្ងៃទី២ខែមិថុនា ក្រោយ រដ្ឋាភិបាលត្រៀមលក្ខណៈបន្ធូរបន្ថយការរឹតត្បិត COVID-19 និងបើកព្រំដែនជាបណ្ដើរៗឡើងវិញ។
នាយកដ្ឋានអាកាសចរណ៍ស៊ីវិល របស់សិង្ហបុរី (CAAS) កាលពីថ្ងៃទី២០ ខែឧសភា បានបញ្ជាក់ថា នឹងមានវិធានការតឹងតែង ដាក់ឲ្យអនុវត្តដើម្បីធានាថា អ្នកដំណើរពុំដើរហើរទៅណាឆ្ងាយពីទីតាំងកំណត់របស់ពួកគេ នៅព្រលានយន្តហោះអំឡុងរង់ចាំប្តូរជើងហោះហើរ។
តាមសារព័ត៌មាន CNA បានផ្សាយថា បុគ្គលិកព្រលានយន្តហោះ ក៏នឹងតម្រូវឲ្យពាក់សម្ភារការពារផ្ទាល់ខ្លួន នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដំណើរ។ ម្យ៉ាងទៀត អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់សិង្ហបុរី (CAAS) អះអាងថា វិធានការបង្ការទុកដែលមានស្រាប់ដូចជា រក្សាគម្លាតសុវត្ថិភាព និងការត្រួតពិនិត្យកំដៅអ្នកដំណើរនិងបុគ្គលិក នឹងនៅតែបន្តអនុវត្តដដែល។
ក្រសួងសុខាភិបាលសិង្ហបុរី បានលើកឡើងថា សិង្ហបុរី នឹងបើកព្រំដែនឡើងវិញជាបណ្ដើរៗ ដោយបន្តអនុវត្តវិធានការការពារ។ គោលដៅ គឺដើម្បីអនុញ្ញាតឲ្យប្រជាជនសិង្ហបុរីធ្វើសកម្មភាពចាំបាច់នៅបរទេស និងសម្រាប់ជនបរទេសចូលទៅកាន់ប្រទេសសិង្ហបុរី និងផ្លាស់ប្តូរជើងហោះហើរតាមរយៈប្រទេសខ្លួន។
តាមគេហទំព័រ worldometers គិតដល់ម៉ោង២១និង៣០នាទី ថ្ងៃទី២១ខែឧសភានៅសិង្ហបុរីមានអ្នកឆ្លង កូវីដ១៩សរុប២៩ ៨១២នាក់ ក្នុងនោះករណីថ្មីមាន ៤៤៨នាក់ និងស្លាប់មាន ២២ នាក់ ប៉ុណ្ណោះ ។ ចំណែកអ្នកជាសះស្បើយមាន ១១ ២០៧នាក់។
ដោយ៖ធី រីណា