ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរវប្បធម៌និងវិចិត្រសិល្ប: ខេត្តឧត្ដរមានជ័យចុះកំណត់បង្គោលព្រំដី អភិរក្សតំបន់ប្រាសាទព្រៃនគរ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃ១៥រោច ខែពិសាខ ឆ្នាំជូតទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានដឹកនាំមន្រ្តីជំនាញក្រោមឱវាទ ដោយមានការសហការជាមួយមន្រ្តីការិយាល័យវប្បធម៌ស្រុកចុងកាល់ តំណាងភូមិបាលស្រុក លោកមេឃុំពង្រ លោកមេភូមិព្រៃនគរ និងប្រជាពលរដ្ឋអាស្រ័យផលជុំវិញប្រាសាទផង បានចុះទៅពិភាក្សារកដំណោះស្រាយផលប៉ះពាល់ដើម្បីកំណត់តំបន់បោះបង្គោលព្រំការពារដែនអភិរក្ស ប្រាសាទព្រៃនគរ ដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌសម្រាប់ជាតិ និងបន្តដល់ក្មេងជំនាន់ក្រោយ បានស្គាល់ស្នាដៃប្រវត្តិសាស្រ្តខ្មែរដែលមានទីតាំងស្ថិតនៅភូមិព្រៃនគរ ឃុំ ពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។

នៅក្នុងការបោះបង្គោលនេះមន្រ្តីជំនាញក៏បានណែនាំពន្យល់ពីច្បាប់បេតិកភណ្ឌក៏ដូចជាលិខិតបទដ្ឋានគតិយុត្តិមួយចំនួនទាក់ទងនឹងការកំណត់ព្រំការពារបុរាណស្ថាន ហើយនិងពន្យល់ពីតម្លៃបេតិកភណ្ឌជាតិ និងប្រវត្តិសាស្ត្រប្រាសាទព្រៃនគរជូនប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរពាក់ព័ន្ធដែលបានចូលរួមយ៉ាងច្រើនកុះករឲ្យបានជ្រួតជ្រាបផងដែរ។

បង្គោលដែលបានបោះធ្វើជាព្រំដីនោះមានចំនួន៤ បង្គោល ក្នុងផ្ទៃដីដែនអភិរក្សជាង២៨ហិកតា៕ដោយ÷ ប៉ែន នួន


ចែករំលែក៖