ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាអ្នករត់ឡំប្រឺតាម្នាក់ ចោទប្រកាន់ស្ត្រីជាភ្លៀវម្នាក់ថា បន្លំលុយក្លែងក្លាយឈ្លោះប្រកែកគ្នាផ្អើលពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាអ្នករត់ឡំប្រឺតា បានចោទប្រកាន់ស្ត្រីជាភ្ញៀវម្នាក់ថា បន្លំឲ្យលុយក្លែងក្លាយ ខណៈស្ត្រីដែលជាភ្ញៀវបានអះអាងថា ខ្លួនច្រឡំឲ្យលុយសែនតែប៉ុណ្ណោះ ក៏បង្កឲ្យកើតមានជម្លោះឈ្លោះប្រកែកគ្នាផ្អើលពេញផ្លូវតែម្តង

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវកម្ពុជាក្រោមកែងផ្លូវលេខ២៥៣ ក្បែរវិទ្យាល័យជាស៊ីមសន្ធរម៉ុក ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសម្តីពីបុរសឈ្មោះ ស៊ីណេត អាយុ ២៣ឆ្នាំ ជាអ្នករត់ឡំប្រឺតា ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើកបរឡំប្រឺតារបស់ខ្លួន ពាក់ស្លាកលេខ ភ្នំពេញ 1HH-6222 នៅតាមដងផ្លូវ ខណៈពេលបើកមកដល់អតីតរង្វង់មូលទួលគោក ក៏ជួបស្ត្រីម្នាក់ បានហៅរូបគាត់ឲ្យដឹកនាងទៅផ្សារសាមគ្គី ដោយមិនបាននិយាយពីតម្លៃដឹកនោះទេ ពេលដែលដឹកទៅដល់ចំណុចផ្សារសាមគ្គីស្ត្រីនោះក៏ប្រាប់ឲ្យគាត់ ឲ្យដឹកទៅមុខបន្តទៀត។ លុះពេលមកដល់ចំណុចកើតហេតុស្ត្រីរូបនោះ ក៏បានហុចក្រដាស់ប្រាក់៥ដុល្លារ ដែលជាក្រដាសប្រាក់ក្លែងក្លាយឲ្យរូបគាត់។ពេលនោះគាត់ក៏បានដឹងថា ជាក្រដាស់ប្រាក់ក្លែងក្លាយរួចក៏បានហុចត្រឡប់ទៅស្ត្រីនោះវិញ ដោយប្រាប់នាងថាលុយនេះប្រាក់នេះរហែកហើយមានលុយផ្សេងអត់ បន្ទាប់មកស្ត្រីនោះក៏បានហុចក្រដាសប្រាក់5$មួយសន្លឹកទៀត ដែលជាក្រដាសប្រាក់ក្លែងក្លាយ ឲ្យទៅបុរសម្តងទៀត ហើយធ្វើឲ្យបុរសដែលជាអ្នកបើកម៉ូតូកង់បីទប់កំហឹងមិនបាន ក៏ដេញស្ត្រីរូបនោះឲ្យចុះពីលើម៉ូតូកង់បីរបស់ខ្លួនដោយស្រែកប្រាប់ថានាងឯងកុំចង់យកលុយក្លែងក្លាយមកបោកអញ បន្ទាប់មកស្ត្រីនោះក៏បានស្រែកទៅវិញលុយក្លែងក្លាយស្អីគេ។ដោយបានចោទប្រកាន់ថា បុរសជាអ្នកបើកម៉ូតូកង់បីនិយាយមើលងាយខ្លួនរួចក៏កើតមានការប្រតាយប្រតប់គ្នាទៅវិញទៅមក តែមិនបណ្ដាលឲ្យមានរបួសនោះទេ។ ភ្លាមៗនោះស្ត្រីនោះក៏បានព្យាយាមដើរគេចខ្លួនចេញពីកន្លែងកើតហេតុ ទៅតាមបណ្តាលផ្លូវលេខ២៥៣ បានចម្ងាយប្រមាណ ២០ម៉ែត្រ ពីកន្លែងកើតហេតុក៏ត្រូវបុរសអ្នកបើកម៉ូតូកង់បីរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអន្តរាគមន៍តែម្តង។

បើតាមសម្តីស្ត្រីដែលជាភ្ញៀវមិនបានបញ្ចេញឈ្មោះនោះទេគ្រាន់តែប្រាប់ថាក្រដាសប្រាក់ក្លែងក្លាយទាំងនោះ គឺនាងទុកយកទៅដុតនៅខាងមុខព្រះបរមរាជវាំង ដើម្បីរំដោះគ្រោះព្រោះមានគ្រូទាយថា ឆ្នាំនេះនាងមានគ្រោះធំ ហើយទាល់តែនាងដុតក្រដាសប្រាក់សែនទើបអាចរំដោះគ្រោះនេះបាន។ហើយក្រដាសប្រាក់ក្លែងក្លាយដែលនាងឲ្យទៅបុរសអ្នកបើកម៉ូតូកង់បី គឺនាងច្រឡំនោះទេ ភ្លាមៗនោះនាងបានឲ្យក្រដាសប្រាក់ពិតវិញដែល តែបុរសនោះមិនព្រមយក។

បន្ទាប់ពីស្ត្រីរូបនោះឆ្លើយប្រាប់រួចមកនាងក៏បើកកាបូបនិងកន្ត្រក់លុយដែលមានក្រដាសប្រាក់ពិតមួយចំនួន និងក្រដាសប្រាក់ក្លែងក្លាយចំនួន4សន្លឹកក្នុងនោះក្រដាស20ដុល្លារមួយសន្លឹកនិង5ដុល្លារបីសន្លឹក។

ក្រោយកើតហេតុដោយបុរសជាអ្នកបើកបរម៉ូតូកង់បីមិនចង់មានរឿងវែងឆ្ងាយក៏បានបើកម៉ូតូកង់បីចាកចេញពីកន្លែងកើតហេតុ ដោយមិនបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍សមត្ថកិច្ច ឬក៏ទាមទារថ្លៃដឹកពីស្ត្រីនោះទេ ហើយសមត្ថកិច្ចក៏បានអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១រួចឲ្យស្ត្រីនោះត្រឡប់ទៅវិញផងដែរ៕ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖