ម៉ាឡេសុី៖ ប្រធានការិយាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃទី ២២ខែឧសភា បានប្រកាសថា នាយករដ្ឋមន្ត្រី Muhyiddin Yassinបានផ្តាច់ខ្លួននៅដោយឡែករយៈពេល១៤ថ្ងៃ ក្រោយពេលដែលមន្ត្រីរបស់លោកចូលរួមកិច្ចប្រជុំជាមួយរូបលោកនាពេលកន្លងមករកឃើញឆ្លងកូវីដ-១៩ ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ការិយាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រី Muhyiddin Yassin បានធ្វើតេស្តលើកទីមួយដោយលទ្ធផលអវិជ្ជមានចំពោះកូវីដ-១៩ ។ ចំណែកមន្ត្រីផ្សេងៗទៀតដែលចូលរួមក្នុងកិច្ចប្រជុំ ត្រូវបានស្នើឲ្យធ្វើតេស្តទាំងអស់ និងត្រូវកាត់ផ្តាច់១៤ថ្ងៃដូចគ្នា។
ពាក់ព័ន្ធនិឹងស្ថានភាពកូវីដ-១៩ ក្រសួងសុខាភិបាលម៉ាឡេស៊ីបានប្រកាសថា ប្រទេសនេះរកឃើញមានអ្នកឆ្លងថ្មីបន្ថែម៧៨ករណីទៀត និងមានអ្នកស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោង ។
បច្ចុប្បន្នចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើងដល់៧.១៣៧ករណី និងស្លាប់១១៥នាក់៕ដោយ៖ធី រីណា