ព័ត៌មានទាន់ហេតុការណ៍៖

ថៃចាប់ត្រៀមបន្ធូរបន្ថយការរឹតត្បិតដំណាក់កាលទី៣

ចែករំលែក៖

នៅថ្ងៃទី២៥ ខែឧសភា នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ បានប្រកាសថា បណ្តាក្រុមហ៊ុន អាជីវកម្ម ដែលអាចប្រឈមនឹងការឆ្លងកូវីដ-១៩ កម្រិតមធ្យម អាចនឹងទទួលបានការអនុញ្ញាតឲ្យបើកទ្វារដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញនៅដើមខែមិថុនា ឆ្នាំ២០២០នេះ។
លោក Tanarak Plipat អនុប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានឲ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងកូវីដ-១៩ CCSA បានឡើងគម្រោងអនុញ្ញាតឲ្យបណ្តាក្រុមហ៊ុន អាជីវកម្ម បើកទ្វាររកស៊ីវិញ ។
នៅក្នុងការបន្ធូរបន្ថយលើកទីបី គឺបានអនុញ្ញាតឲ្យកន្លែងកម្សាន្តបើកទ្វារដំណើរការឡើងវិញ ក្នុងនោះមានរោងភាពយន្ត កន្លែងម៉ាស្សា ស្ទីម… ប៉ុន្តែកន្លែងកម្សាន្តនៅពេលយប់ដូចជា ក្លិប បារ រង្គសាល ផ្សាររាត្រីនៅតែហាមប្រាមដដែល។ ជាមួយគ្នានេះច្បាប់បម្រាមគោរចរពេលយប់ក៏បានពន្យារពេលថែម១ម៉ោងទៀត គឺចាប់ពីម៉ោង០០ ដល់ម៉ោង ៤ទៀបភ្លឺ។
នៅថ្ងៃទី២៥ខែឧសភា នេះ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩តែ២នាក់ប៉ុណ្ណោះ ហើយថ្ងៃទី២៤ខែឧសភាមិនមានអ្នកឆ្លងឡើយ។ មកទល់ពេលនេះថៃមានអ្នកឆ្លងកូវីដ-១៩សរុប៣.០៤២នាក់ ក្នុងនោះមាន២.៩២៨នាក់បានជាសះស្បើយចេញពីមន្ទីរពេទ្យ នៅសល់អ្នកជំងឺតែ ៥៧នាក់ប៉ុណ្ណោះកំពុងតែព្យាបាល៕ដោយ៖ធី រីណា


ចែករំលែក៖