ឥណ្ឌា៖ មកទល់ថ្ងៃទី២៦ខែឧសភានេះ តាមគេហទំព័រ Worldometer នៅទូទាំងប្រទេសឥណ្ឌា មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ១៤៤ ៩៥០នាក់ ក្នុងនោះស្លាប់ ៤.១៧២នាក់ និងព្យាបាលជាសះស្បើយ ជាង៦ម៉ឺននាក់ ។ ឥណ្ឌាស្ថិតនៅលំដាប់ទី១០ ពីចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោក ។
ដើម្បីដំណើរការសេដ្ឋកិច្ចជាតិជាបណ្តើរៗឡើងវិញ មន្ត្រីឥណ្ឌា បានប្រកាសថា នឹងចាប់ផ្តើមដំណើរការជើងហោះហើរក្នុងស្រុកឡើងវិញក្រោយពីផ្អាកពីរខែកន្លងមកដោយសារតែកូវីដ-១៩។ ប៉ុន្តែរាល់ការហោះហើរគឺត្រូវតែគោរពទៅតាមច្បាប់សុវត្ថិភាព ការពារឆ្លងកូវីដ-១៩ ។
តាមគម្រោង នឹងមានជើងហោះហើរ ប្រមាណ១.០៩៥ ជើង ត្រូវបានហោះហើរនៅថ្ងៃទី២៥ខែឧសភា។ ចំណែករដ្ឋ Andhra Pradesh និង West Bengal មិនទាន់ដំណើរការហោះហើរនៅឡើយទេ។ រដ្ឋមន្ត្រីក្រសួង អាកាសចរណ៍ស៊ីវីល ឥណ្ឌាលោក Hardeep Singh Puri បានប្រកាសឲ្យដឹងថា ប្រសិនបើបណ្តាក្រុមហ៊ុនអាកាសចរណ៍ គោរពទៅតាមច្បាប់ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បានល្អនោះ នឹងមានការពង្រីកការហោះហើរក្នុងស្រុកបន្ថែមទៀត។
ពេលថ្មីៗនេះ ឥណ្ឌាបានដំណើរការ រថភ្លើង រថយន្តក្រុងពិសេសរាប់ពាន់ គ្រឿងដើម្បីដឹកពលករវិលត្រឡប់ទៅស្រុកវិញក្រោយរដ្ឋាភិបាលបិទទ្វារបណ្តាក្រុមហ៊ុនទប់ស្កាត់ឆ្លងកូវីដ-១៩ ។ ពលរដ្ឋរាប់លាននាក់ បានជាប់គាំងនៅទីក្រុង ដោយមិនអាចវិលត្រឡប់ទៅផ្ទះវិញបានឡើយ ខណៈចរាចរណ៍នានាត្រូវបានផ្អាក ៕ដោយ៖ធី រីណា