ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកស្លាប់ដោយកូវីដ-១៩នៅប្រេស៊ីលច្រើនជាងអាមេរិកបើគិតក្នុងរយៈពេល២៤ម៉ោង

ចែករំលែក៖

បច្ចុប្បន្នប្រេស៊ីល ក្លាយជាប្រទេសដែលមានអ្នកស្លាប់ដោយកូវីដ-២៩ច្រើនជាងគេបំផុតនៅលើពិភពលោកបើគិតក្នុងរយៈពេល២៤ម៉ោង គឺច្រើនជាងទាំងអាមេរិកទៀតផង ។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ប្រេស៊ីលមានអ្នកស្លាប់ដោយកូវីដ-១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក មានដល់ទៅ៨០៧នាក់ ចំណែកអាមេរិក ដែលមានអ្នកស្លាប់ច្រើនជាងគេបង្អស់ រយៈពេលកន្លងមក មានអ្នកស្លាប់តែ៦២០ នាក់ប៉ុណ្ណោះ។
ប្រេស៊ីល ក៏ជាប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនលំដាប់ទីពីរ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុបជាង ៣៧៤ពាន់នាក់ ឈរពីក្រោយអាមេរិក ដែលមានអ្នកឆ្លងជាង ១,៦៣លាននាក់ ។ ចំណែកអ្នកស្លាប់ នៅអាមេរិក មានជិត ៩៨ពាន់នាក់ និងនៅប្រេស៊ីល មានជាង២៣ពាន់នាក់។
នៅពេលនេះដែរ សេតវិមានអាមេរិកបានហាមប្រាម អ្នកដំណើរប្រេស៊ីលចេញចូលទឹកដីអាមេរិក ដែលចូលជាធរមានចាប់ពីវេលាម៉ោង ២៣និង ៥៩នាទីថ្ងៃទី ២៦ខែឧសភានេះ។ ជាមួយគ្នានេះអាមេរិក បានដាក់ឲ្យនៅដោយឡែក១៤ថ្ងៃចំពោះអ្នកដែលចូលមកពីប្រទេសប្រេស៊ីល។
ពលរដ្ឋប្រេស៊ីល មួយចំនួនធំបានថ្កោលទោសយ៉ាងខ្លាំងដល់ប្រធានាធិបតីប្រេស៊ីល ដែលមិនមានវិធានការទប់ស្កាត់កូវីដ-១៩ ទុកឲ្យមានករណីឆ្លងដោយសេរី ទើបមានអ្នកឆ្លងនិងស្លាប់ច្រើនបែបនេះ។ កន្លងមកថ្មីៗ ថ្នាក់ដឹកនាំគណបក្សប្រឆាំង បានចោទប្រធានាធិបតិីថាជាជនសម្លាប់មនុស្ស ដោយលោកមិនគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយថែមទាំងចូលរួមធ្វើបាតុកម្ម ទាមទារបើកទ្វារដំណើរការសេដ្ឋកិច្ចទៀតផង៕ធី រីណា


ចែករំលែក៖