ភ្នំពេញ៖ តារាសម្តែងជើងចាស់២រូបគឺ លោក ទេព រិនដារ៉ូ និងលោក សាវិន ហ្វីលីប នឹងជួបសម្ដែងជាមួយគ្នាជាលើកទី៣ នៅក្នុងរឿងភាគមួយរបស់ផលិតកម្ម ជា ឈីម ភាពយន្ដ គឺរឿង”ទឹក និងប្រេង”។ភាពយន្តនេះនឹងឆ្លុះបញ្ចាំងពីរឿងរ៉ាវនៃការបែងចែកវណ្ណៈស្នេហា ស្របគ្នានឹងជីវិតសត្រូវស៊ូពូជរបស់គ្រួសារទាំងសងខាង។
ការប្រកាស និងពិធីក្រុងពាលីប្រកាសចេញថតជាផ្លូវការនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះនៅ ក្នុងបរិវេនសាលាចាស់ខេត្តបាត់ដំបង ដែលជាអាគារប្រវត្តិសាស្រ្តរបស់ខ្មែរដែលបានកសាងចាប់តាំងពីឆ្នាំ ១៩០៥។ លោក សាវិន ហ្វីលីបបានបញ្ជាក់ថាភាពយន្តនេះនឹងចាប់ផ្តើមថតចាប់ពីដើមខែមិថុនាដែលនឹងត្រូវចំណាយពេលវេលាជាច្រើនខែដើម្បីផលិតហើយទីតាំងគឺស្ថិតនៅខេត្តបាត់ដំបងតែម្តង។ លោកថារឿង “ទឹក និងប្រេង” ដែលនិយាយអំពីវណ្ណៈសង្គមគ្រួសារ ក្នុងសម័យបារាំងដាក់អាណានិគមមកលើកម្ពុជា បានតម្រូវឲ្យតួអង្គ ទេព រិនដារ៉ូ និងលោក សាវិន ហ្វីលីប ក្លាយជាសត្រូវស៊ូពូជ ឬអាចនិយាយបានម្យ៉ាងទៀតថា ស្នេហាត្រូវបានបែងចែកវណ្ណៈ តាំងពីដូនតា រហូតដល់កូនចៅជំនាន់ក្រោយ។ លោក សាវិន ហ្វីលីប ថ្លែងកោតសរសើរច្រើនពីក្រុមការងារ ពិសេសតារាសម្តែងជើងចាស់ លោកទេព រិនដារ៉ូ ដែលតែអប់រំ អត់ធ្មត់ គោរពពេលវេលា និងធ្វើជាគំរូល្អសម្រាប់សិល្បករជំនាន់ក្រោយ។ លោកថានេះជារឿងទី៣ហើយ ដែលលោកបានចូលរួមសម្ដែងជាមួយតារារួមជំនាន់រូបនេះដែលកន្លងមកមានដូចជារឿង “ភ្លើង” និងរឿង “កូនពស់កេងកង” ។
គួរបញ្ជាក់ដែរថា ភាពយន្តរឿង”ទឹក និងប្រេង” ត្រូវបានដឹកនាំផលិតដោយ ផលិតករជើងចាស់ លោក ជា ឈីម និងចូលរួម សម្តែងដោយលោក ជា លាងឈេ កញ្ញា ចន្ធី ដាឡែន លោក លាង ឧត្តម អ្នកនាងផាត់ ផាន់ណា លោក ឡាយ វណ្ណយុទ្ធ លោក ប៉ុង ណូរ៉ា និងសិល្បករជាច្រើនរូបទៀត។ ភាពយន្តនេះគ្រោងនឹងធ្វើការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ប៉ុស្តិ៍លេខ៥ក្រោយពេលផលិតចប់សប់គ្រប់៕ ដោយ៖ វឌ្ឍនា