ខេត្តស្វាយរៀង៖ ស្ត្រីជាមន្ត្រីនគរបាលម្នាក់និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ខណៈត្រូវរថយន្តកុងតឺន័រមួយគ្រឿងប្រើប្រាស់ល្បឿនលឿនមិនប្រយ័ត្នបណ្ដាលឱ្យកៀរម៉ូតូ២គ្រឿងបើកស្របគ្នាពីក្រោយបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៧:១៥នាទី ព្រឹក ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៩និងលេខ១៣០ ស្ថិតក្នុងភូមិ ឃោសាង សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ចាន់ រដ្ឋា អាយុ ២៥ ឆ្នាំ មុខរបរ មន្ត្រីនគរបាល រស់នៅភូមិ បាយាប ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀងជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១A -៧០១១ ខូចខាតទាំងស្រុង។
ចំណែកបុរសរងគ្រោះធ្ងន់មិនត្រូវបានស្គាល់ឈ្មោះនោះទេជិះម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១L-៥៣៣៦ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
រីឯអ្នកបើករថយន្តបង្កហេតុត្រូវបានគេស្គាល់ឈ្មោះ ប្រាំង កុសល ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរបើកបរ រស់នៅភូមិ អង្គសេរី ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ ក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗ។
តាមសមត្ថកិច្ចដដែលបញ្ជាក់ទៀតថាមុនកើតហេតុគេឃើញស្ត្រីជាមន្ត្រីនគរបាលបជិះម៉ូតូមួយគ្រឿងស្របជាមួយបុរសម្នាក់ទៀតដែលជិះម៉ូតូពីក្រោយលើកំណាត់ផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែមានរថយន្ដកុងតឺន័រម៉ាក STERLING ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ៣D-១៣៨៧ សឺមីរុឺម៉កពាក់ស្លាកលេខ ភ្នំពេញ ៤A-១៦០៦ បើកបរក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿនមិនប្រយត្ន័បណ្ដាលឱ្យកៀរម៉ូតូ២គ្រឿងពីក្រោយដែលបើកស្របគ្នាបណ្តាលឱ្យរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច។
ក្រោយមកអ្នករបួសទាំង២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ចំណែកវត្ថុតាងមធ្យោបាយរថយន្តនិងម៉ូតូទាំង២គ្រឿងយកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀងដើម្បីដោះស្រាយពេលក្រោយ៕យឹម សុថាន