ព័ត៌មានទាន់ហេតុការណ៍៖

អ្នកដំណើរទាំងអស់ដែលមកដល់កម្ពុជា ល្មើសនឹងសេចក្តីណែនាំស្តីពីការធ្វើចត្តាឡីស័ក១៤ថ្ងៃ នឹងប្រឈមនឹងផ្លូវច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែង នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ថា រាល់អ្នកដំណើរទាំងអស់ រួមទាំងជនជាតិកម្ពុជា ដែលមកដល់ព្រះរាជាណាចក្រកម្ពុជា ត្រូវតែអនុវត្តការធ្វើចត្តាឡីស័ករយះពេល១៤ថ្ងៃ ដោយខ្លួនឯង នៅកន្លែងស្នាក់នៅ ឬគេហដ្ឋាន ដោយមានការឃ្លាំមើលជាប្រចាំពីអាជ្ញាធរមានសមត្ថកិច្ច ហើយក្នុងករណីមានការល្មើសនឹងវិធានការនេះ អ្នកដំណើរទាំងនោះនឹងប្រឈមមុខនឹងផ្លូវច្បាប់ ដូចជារងការផាកពិន័យ ឬអាចឈានទៅដល់បទល្មើសព្រហ្មទណ្ឌផងដែរ។

លោកវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា៖ “យើងបានយកវត្ថុវិភាគសំណាកទាំងអស់ របស់អ្នកដំណើរដែលបានចូលមកកម្ពុជា ដើម្បីយកទៅធ្វើតេស្តពិសោធន៍ នៅវិទ្យាស្ថានជាតិប៉ាស្ទ័រ ហើយអ្នកដំណើរទាំងនោះត្រូវរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ ដោយតម្រូវឱ្យស្នាក់នៅកន្លែងដែលក្រសួងសុខាភិបាលបានរៀបចំឱ្យ ចំនួន២៤ម៉ោងជាមុនសិន ហើយក្នុងករណីដែលការធ្វើវិភាគពុំមានរកឃើញករណីវិជ្ជមានណាមួយលើអ្នកដំណើរទាំងអស់នោះទេ យើងនឹងអនុញ្ញាតឱ្យពួកគាត់ទៅទីតាំង ឬគេហដ្ឋាន ដែលពួកគាត់ស្នាក់នៅ ប៉ុន្តែតម្រូវឱ្យមានការធ្វើចត្តាឡីស័កខ្លួនឯងចំនួន១៤ថ្ងៃបន្ថែមទៀត ហើយបើក្នុងអំឡុងពេលចត្តាឡីស័កខ្លួនឯង១៤ថ្ងៃនេះ មានករណីល្មើសណាមួយនោះ គឺពួកគាត់នឹងរងការពិន័យ ឬអាចឈានទៅដល់បទល្មើសព្រហ្មទណ្ឌផងដែរ បើសិនជាករណីធ្ងន់ធ្ងរ ”។

ម្យ៉ាងវិញទៀត ក្នុងករណីដែលអ្នកដំណើរទាំងនោះ ត្រូវបានរកឃើញថាមាន អ្នកណាម្នាក់មានវីរុសកូវីដ១៩ ក្នុងរយៈពេលនៃការរងចាំនោះ លោក លី សូវ៉ាន់ បានបញ្ជាក់ថា៖ “យើងតម្រូវឱ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ សម្រាប់អ្នកដំណើរនៅក្នុងយន្តហោះនោះទាំងអស់តែម្តង ដោយពួកគាត់មិនអាចត្រលប់ទៅកន្លែងស្នាក់នៅ ឬគេហដ្ឋាន បានជាដាច់ខាត ហើយតម្រូវឱ្យពួកគាត់ស្នាក់នៅមជ្ឍមណ្ឌល ដែលកំណត់ដោយអាជ្ញាធររាជធានីភ្នំពេញ ដោយតម្រូវឱ្យអ្នកដំណើរទាំងនោះ ចេញថវិកាដើម្បីបង់ថ្លៃស្នាក់នៅក្នុងពេលដាក់ខ្លួនឱ្យដាច់ដោយឡែកចំនួន១៤ថ្ងៃនេះ។”

ដោយឡែកករណីអ្នកជំងឺកូវីដ១៩ ទាំង០២នាក់ដែលត្រូវបានរកឃើញវិជ្ជមានប៉ុន្មានថ្ងៃមកនេះ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតវិញ គឺស្ថានភាពសុខភាពរបស់អ្នកជំងឺល្អប្រសើរនោះទេ ដោយពួកគាត់ពុំមានបញ្ហាសុខភាពផ្លូវចិត្ត ឬរោគសញ្ញាណាមួយគួរឱ្យបារម្ភនោះដែរ ព្រោះស្ថិតក្រោមការយកចិត្តទុកព្យាបាលដាក់ពីក្រុមគ្រូពេទ្យជំនាញៗរបស់កម្ពុជានៅថ្នាក់ជាតិ។ នេះបើតាមការអះអាងបន្ថែមរបស់ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់។

គួររម្លឹកថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែឧសភា នេះ អ្នកជំងឺកូវីដ១៩ សរុបទាំងអស់នៅកម្ពុជា មានចំនួន១២៤នាក់ ក្នុងនោះ១២២នាក់ បានជាសះស្បើយ និង០២នាក់ កំពុងសម្រាកព្យាបាល បន្ទាប់ពីករណីដំបូងត្រូវបានរកឃើញលើបុរសអ្នកទេសចរជនជាតិចិន នៅខេត្តព្រះសីហនុ កាលពីចុងខែមករា ឆ្នាំ២០២០៕ហេង សូរិយា


ចែករំលែក៖