ច្បាប់ស្តីពីសន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង បានធ្វើឲ្យអាមេរិក និងចិនប្រឈមមុខតានតឹងបន្ថែមពីលើវិបត្តិ COVID-19 ដែលជាប្រធានបទក្ដៅបច្ចុប្បន្ន។ មេដឹកនាំកោះហុងកុងបានលើកឡើងថា ច្បាប់សន្តិសុខនោះគឺសំដៅទៅលើអ្នកធ្វើខុសតែប៉ុណ្ណោះ។
សារព័ត៌មានAFP នៅថ្ងៃទី២៦ខែឧសភាបានដកស្រង់សម្តីមេដឹកនាំកោះហុងកុងដែលបានបញ្ជាក់ថា ច្បាប់សន្តិសុខថ្មីសម្រាប់ហុងកុងគឺសំដៅទៅលើអ្នកប្រព្រឹតល្មើសតែប៉ុណ្ណោះ ។ ច្បាប់សន្តិសុខថ្មីសម្រាប់ហុងកុងរួមមាន ហាមប្រាមសកម្មភាពហិង្សា ផ្តួលរំលំរបបដឹកនាំ ភេរវកម្ម និងការជ្រៀតជ្រែកពីខាងក្រៅ មកលើកោះហុងកុង។
ប៉ុន្តែទីប្រឹក្សាលោក ដូណាល់ ត្រាំ លោក Robert O’Brien បានព្រមានបញ្ចប់ឋានៈពិសេសរបស់ទីក្រុងហុងកុងក្នុងបញ្ជីដៃគូពាណិជ្ជកម្មអាមេរិក បើប៉េកាំងចេញច្បាប់បែបនេះមែន។ ជាការឆ្លើយតប ក្រសួងការបរទេសចិនអះអាងថា ចិននឹងវាយបកវិញបើផលប្រយោជន៍របស់ខ្លួនរងការបំពាន។ រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃក៍ ប៉ុមប៉េអូ បានហៅគម្រោងរបស់ចិន ជាការសម្លាប់ស្វ័យភាពកម្រិតខ្ពស់ដែលប៉េកាំងសន្យាផ្ដល់ឲ្យហុងកុងពេលទទួលយកដែនដីនេះពីអង់គ្លេសនៅឆ្នាំ១៩៩៧ ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian និយាយថា ចិនបានដាក់លិខិតតវ៉ាទៅកាន់អាមេរិកចំពោះការលើកឡើងរបស់លោក O’Brien ពាក់ព័ន្ធស្ថានការណ៍ក្រុងហុងកុង។ លោក Zhao ថែមទាំងចោទវ៉ាស៊ីនតោនថា កំពុងព្យាយាមបង្កបញ្ហាដល់សន្តិសុខចិនផងដែរ។ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៥ ខែឧសភា មន្ត្រីក្រសួងការបរទេសចិន បានព្រមានអាមេរិកវិញថា ចិននឹងចាត់វិធានការតបវិញមិនខាន បើអាមេរិកប៉ះពាល់ផលប្រយោជន៍ចិនដោយសារបញ្ហាហុងកុងនោះ៕ដោយ៖ធី រីណា