ព័ត៌មានទាន់ហេតុការណ៍៖

ខឹងគេជិះម៉ូតូវ៉ាជែងលឿន​ រួចជិះម៉ូតូដេញបំបុកពីក្រោយឲ្យដួលហេីយចុះទៅវាយបែកមុខបែកមាត់ផ្អើលដល់សមត្ថកិច្ចចុះទៅឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញះ បុរសជើងខ្លាំងម្នាក់ខឹងនិងយុវជនជាបុគ្គលិកដឹកម្ហូបក្រុមហ៊ុនញ៉ាំ24hម្នាក់ជិះម៉ូតូ វ៉ាជែងម៉ូតូខ្លួនលឿន ក៏ជិះម៉ូតូដេញបំបុកពីក្រោយបណ្តាលឲ្យដួលរួចចុះទៅវាយបែកមុខបែកមាត់ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង៩ យប់ថ្ងៃទី២៦ ខែឧសភា​ ឆ្នាំ២០២០ នៅចំណុចស្តុកពេទ្យចិន តាមបណ្តោយផ្លូវព្រះមុនីវង្សកែងនឹងផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា​ រាជធានីភ្នំពេញ។

    តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា​ មុនកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GG-1088បានដឹកម្ហូបបក្រុមហ៊ុនញ៉ាំ 24 ម៉ោងយកទៅឲ្យភ្ញៀវដោយធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង​ លុះមកដល់ចំណុចស្តុបផ្លូវភ្លោះអូរឬស្សីក៏ប្រទះនឹងបុរសម្នាក់ជាជនដៃដល់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-5797​ ខណះជិះស្របទិសដៅគ្នាហើយបានស្រែកទៅលើរូបគេថាមេចបានជាជិះម៉ូតូវ៉ាជែងលឿនបំរ៉ុងប៉ះគេប៉ះឯង​ បន្ទាប់មករូបគេក៏មិនបានតបតទៅវិញដែរ ដោយជិះម៉ូតូដំណើរទៅមុខទៀតដោយប្រញាប់យកម្ហូបឲ្យភ្ញៀវ​ លុះជិះមកដល់ចំណុចស្តុបពេទ្យចិនកន្លែងកើតហេតុខាងលើបានឈប់នៅភ្លើងស្តុបស្រាប់តែជនបង្កក៏ជិះម៉ូតូមកបំបុកម៉ូតូរបស់គេពីក្រោយពេញទំហឹងបណ្ដាលឲ្យដួលទៅនឹងថ្នល់រួចចុះមកវាយជាច្រើនដៃបណ្ដាលឱ្យរូបគាត់រងរបួសបែកមុខបែកមាត់។

    បន្ទាប់មកបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវក៏ដូចជាសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗរួចបានយកជនបង្កនិងជនរងគ្រោះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលឹត​ដើម្បីសួរនាំនិងដោះស្រាយតាមនីតិវិធី​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖