ព័ត៌មានទាន់ហេតុការណ៍៖

រយ:ពេល២៦ថ្ងៃ មានយានយន្ត ៣៨.១៨៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថារយៈពេល២៦ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៣៩ ចាប់ពីថ្ងៃទី០១ដល់២៦ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តបាន ៣៨១៨៩គ្រឿង ក្នុងនោះម៉ូតូ ២៧៨១២គ្រឿង និងរថយន្តគ្រប់ប្រភេទ ១០៣៧៧គ្រឿង។  

ដោយឡែក សម្រាប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦លើក ស្លាប់២នាក់ របួស១១នាក់ (របួសធ្ងន់៦នាក់)។

មានយានយន្ត ១៣៩០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ។ ក្នុងនោះម៉ូតូមាន ១០៣០គ្រឿង ខណៈរថយន្តមានចំនួន ៣៦០គ្រឿង។

លោកឧត្តមសេនីយ៍ឯក បញ្ជាក់ទៀតថា បទល្មើសកត់សម្គាល់សម្រាប់ម៉ូតូ គឺអត់មួក ល្មើសសញ្ញា គ្មានស្លាកលេខ ដឹកលើសទម្ងន់ និងប្រើប្រាស់ទូរស័ព្ទដៃ ដោយឡែកបទល្មើសកត់សម្គាល់ សម្រាប់រថយន្ត គឺលើសល្បឿន កំណត់ អត់ខ្សែក្រវាត់ ល្មើសសញ្ញា លើសទម្ងន់ ប្រើប្រាស់ទូរស័ព្ទ អត់ស្លាកលេខ និងស្រវឹង។

រយៈពេល ២៦ថ្ងៃនេះដែរ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។

លោកឧត្តមសេនីយ៍ឯកក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណ ដល់មន្រ្តីនគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងប្រកបដោយជោគជ័យ៕ដោយ÷ប្រាថ្នា


ចែករំលែក៖