ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីជាង១០នាក់បានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈដែលពួកគេបានរួមដំណេីរក្នុងរថយន្តកូរេដឹកកម្មករត្រូវបានរថយន្តដឹកជ្រូកមួយគ្រឿងជ្រុលបុកពីក្រោយពេញទំហឹងហេីយរុញទៅបុករថយន្តហាយឡិនឌ័របន្ថែមនៅចំណុចផ្លូវលេខ២១៧ កែងនឹងផ្លូវ ក្រវាត់ក្រុង ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ និងបង្កឲ្យមានការភ្ញាក់ផ្អេីលជាខ្លាំងកាលពីវេលាម៉ោង ៦នឹង៣០នាទី ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-8604 បើកតាមដល់ផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុក៏បានឈប់ភ្លើងស្តុប ។ ស្របពេលនោះក៏មានរថយន្តម៉ាកកូរ៉េមួយគ្រឿងទៀតដឹកកម្មករមកពីក្រោយក៏ឈប់បន្តកន្ទុយគ្នា បន្ទាប់មកស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ កណ្ដាល 3A-0806 ដឹកជ្រូកមួយគ្រឿងបើកមកពីក្រោយក្នុងល្បឿនលឿនជ្រុលមកបុករថយន្តដឹកកម្មករពីក្រោយពេញទំហឹង ហេីយរថយន្តកូរ៉េដឹកកម្មករបន្តទៅបុករថយន្តហាយឡិនឌ័ររួចក៏រេចង្កូតទៅប៉ះជាមួយនឹងបង្គោលភ្លើងបន្ថែមទៀតបណ្តាលឲ្យកម្មករប្រុសស្រី១៦នាក់រងរបួសធ្ងន់និងស្រាល ។ ភ្លាមៗជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដេីម្បីសង្គ្រោះអាយុជីវិតផងដែរ ។
បេីតាមសម្ដីអ្នកបើកបររថយន្តកូរ៉េដឹកកម្មករបានប្រាប់ឲ្យដឹងថា ជារៀងរាល់ព្រឹកគាត់តែងតែទៅយកកម្មករនៅតាមភូមិនៅក្រុងតាខ្មៅយកធ្វើការនៅរោងចក្រនៅសង្កាត់ព្រៃស ហើយកម្មករដែលជិះរាល់ព្រឹកគឺមានចំនួន៣០នាក់តែព្រឹកនេះគឺមានតែ២៥ នាក់ទេដោយសារតែ៥នាក់ទៀតបានជិះម៉ូតូជាមួយជាមួយបងប្អូន។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះទៅធ្វេីការវាស់វែងយករថយន្តទាំង៣គ្រឿងទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានាពេលក្រោយ ៕ដោយ៖ ភារ៉ា ដង្កោ