ខេត្តក្រចេះ៖ រថយន្ដសាំយ៉ុងមួយគ្រឿងដឹកឈើអត់ច្បាប់ពេញព្រៀបត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកចិត្របុរីចាប់ប្រគល់ឱ្យជំនាញចាត់ការតាមច្បាប់។
ការបង្ក្រាបរថយន្តដឹកឈើនោះគឺក្រោមការបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រីសាន្ដ ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដឹកនាំដោយលោក អុឹម ចិត្រា មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរី។
ប្រតិបត្តិការនោះធ្វើឡើង នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅម្ដុំក្បែរៗសាលាដំបូងខេត្ត ក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
លោក អុឹម ចិត្រា មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរីបានឱ្យក្រុមអ្នកសារព័ត៌មានដឹងថា កម្លាំងរបស់លោក បានប្រទះឃើញរថយន្ដដឹកឈើមួយគ្រឿងនេះតាំងពីចំណុចភូមិថ្មគ្រែ ឃុំថ្មគ្រែស្រុកចិត្របុរី រហូតមកដល់ម្ដុំសាលាដំបូងខេត្តទើបកម្លាំងរបស់លោកបង្ក្រាបបានតែម្តង។
លោកបន្តថា ក្នុងពេលកម្លាំងចុះបង្ក្រាបនោះអ្នកបើកបររថយន្ដបានចុះរត់គេចខ្លួនបាត់ភ្លាមៗមិនអាចឃាត់ខ្លួនបាននោះទេឃាត់បានតែរថយន្តម៉ាកសាំយុងពណ៌សពាក់ស្លាកលេខភ្នុំពេញ២K-០៤៧៧។
លោកបន្តទៀតថា រថយន្ដសាំយ៉ុងនោះដឹកឈើប្រភេទឈើឈ្លីកបួនជ្រុងពេញរថយន្ដ ហើយក្រោយពីធ្វើការឃាត់បានក៏ត្រូវប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើ យកទៅរក្សាទុកនៅស្ថានីយបណ្ដុះកូនឈើខ្សាដើម្បីធ្វើការវាសវែង និងចាត់ការតាមច្បាប់ព្រៃឈើផងដែរ។
តែទោះជាយ៉ាងណាការឃាត់បានរថយន្តដឹកឈើនោះសមត្ថកិច្ចប្រាកដជាស្រាវជ្រាវរកមុខម្ចាស់ឈើឃើញជាក់ជាមិនខានឡើយដើម្បីឱ្យចូលខ្លួនមកដោះស្រាយតាមនិីតិវិធីច្បាប់ព្រៃឈើ ៕ដោយ៖ ជីវ័ន្ត