ព័ត៌មានទាន់ហេតុការណ៍៖

យកមែកឈើវាយក្បាលយុវជនម្នាក់សន្លប់ស្តូកព្រោះខឹងនិយាយដៀមដាម

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ព្រោះតែខឹងយុវជនម្នាក់ទៀតនិយាយដៀមដាមពាក្យសម្តីមកលើខ្លួន ក៏យកមែកឈើវាយក្បាលយុវជននោះបណ្ដាលឲ្យសន្លប់ស្តូក​ស្តឹង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩និង១៥នាទី នៅចំណុចមុខផ្ទះឈ្មោះសួង សុខ ស្ថិតក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។ លុះមកដល់ថ្ងៃទី២៧ ខែឧសភា​ ឆ្នាំ២០២០ ត្រូវនគរបាលស្រុកស្អាងចាប់ខ្លួនតែម្ដង។ 

    មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា​ ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ សុខ ចំរ៉ុង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ អេន វិច្ឆិកា ភេទប្រុស​ អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលជាមួយគ្នា។ ដោយឡែកវត្ថុតាងដកហូតបានមាន មែកឈេីងាប់ប៉ុនមេជេីងប្រវែង០,៦០ម៉ែត្រ(០៦តឹក)។ 

      ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកេីតកេីតហេតុខាងលេី ជនរងគ្រោះបានផឹកស្រាបៀរជាមួយមិត្តភក្តិរបស់ខ្លួន៣ទៅ៤នាក់នៅផ្ទះឈ្មោះសួង សុខ។ បន្ទាប់ពីផឹកស្រាបៀររួច ស្រាប់តែជនសង្ស័យបានផឹកស្រាថ្នាំស្រវឹងយ៉ាងខ្លាំង រួចបានដេីរមកដេកនៅជិតកន្លែងជនរងគ្រោះផឹក  ឃើញដូច្នេះជនរងគ្រោះបាននិយាយផ្លែផ្កានិងឌឺដងដាក់ជនសង្ស័យជាហេតុធ្វើឲ្យជនសង្ស័យខឹង ក៏បានស្ទុះមកទះកំផ្លៀងជនរងគ្រោះចំនួនមួយដៃ ភ្លាមនោះជនរងគ្រោះខឹងបានដោះខ្សែក្រវាត់ចេញពីចង្កេះខោ​ វាយជនសង្ស័យចំនួនពីរខ្សែក្រវាត់ចំដៃខាងឆ្វេងនិងចំក្បាលផ្នែកខាងឆ្វេងបណ្តាលឲ្យបែកក្បាលចេញឈាម ភ្លាមនោះជនសង្ស័យបានយកមែកឈេីងាប់ប៉ុនមេជេីងវាយជនរងគ្រោះចំក្បាលពីក្រោយ បណ្តាលឲ្យដួលសន្លប់ទៅលើដី រួចហើយក្រុមគ្រួសារបានយកទៅផ្ទះដើម្បីសង្គ្រោះ។ ចំណែកជនសង្ស័យ​ ក៏បានទៅផ្ទះវិញដែរ។ រហូតដល់វេលាម៉ោង២យប់​ ថ្ងៃទី២៧ ខែឧសភា  ឆ្នាំ២០២០ជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរក្រុមគ្រួសារក៏ដឹកយកទៅព្យាបាលរបួសនៅឯមន្ទីពេទ្យកាល់ម៉ែតរាជធានីភ្នំពេញទៅ។ចំណែកជនសង្ស័យ​ ត្រូវបានឪពុកជនរងគ្រោះឈ្មោះអ៊ុន អេន បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបដើម្បីចាត់ការតាមច្បាប់។ 

    នៅចំពោះមុខសមត្ថកិច្ចនគរបាល​ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកមែកឈេីងាប់ប៉ុនមេជេីងវាយទៅលេីឈ្មោះអេន វិច្ឆិកាបណ្ដាលឲ្យរបួសប្រាកដមែន។

     បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖