ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ករណីរំលោភស្រ្តីម្នាក់បានសម្រេច

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំខ្សែត្រ ឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះដែលបានចោទប្រកាន់ថាជនសង្ស័យបានចាប់រំលោភបានសម្រេចចំនួន២ដងនៅវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០ នៅចំណុចស្រែខាងក្រោយផ្ទះចម្ងាយប្រហែលជាង៣០ម៉ែត្រពីផ្ទះក្នុងភូមិព្រៃចារ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលឃុំខ្សែត្របានឱ្យដឹងថា បុរសសង្ស័យមានឈ្មោះថោង ភ័ណ្ឌ អាយុ៤៦ឆ្នាំ មុខរបរកសិករមានស្រុកកំណើតនៅភូមិពោធិ៍រស់ ឃុំបាសាក់ ស្រុកស្វាយជ្រំខេត្តស្វាយរៀង បច្ចុប្បន្ន ស្នាក់នៅភូមិព្រៃចារ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។

ចំណែកស្ត្រីរងគ្រោះមានអាយុ៣៣ឆ្នាំមានស្រុកកំណើតនៅភូមិព្រៃចារ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងបច្ចុប្បន្ន ស្នាក់នៅភូមិ ព្រៃឆ្លាក់ សង្កាត់ ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថានៅវេលាម៉ោង៨និង១៥នាទីយប់ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាលឃុំខ្សែត្របានទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះថាខ្លួនបានមកលេងម្ដាយនៅស្រុកកំណើតរហូតដល់ម៉ោង៦ព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០ខ្លួនត្រូវបានជនសង្ស័យ ចាប់រំលោភមករូបនាងបានសម្រេចចំនូនពីរដងនៅចំណុចស្រែខាងក្រោយផ្ទះចម្ងាយប្រហែលជា៣០ម៉ែត្រពីផ្ទះ។

ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍បានទទួលបណ្ដឹងខាងលើនេះក៏បាន​អញ្ជើញ​ជនសង្ស័យខាងលើមកប៉ុស្តិ៍រដ្ឋបាលដើម្បីសាកសួរយកព័ត៌មាន។

ក្រោយពីសាកសួររួច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តប្រាកដមែនទើបសមត្ថកិច្ចឃាត់ខ្លូននៅប៉ុស្តិ៍រដ្ឋបាលឃុំខ្សែត្រដើម្បីចាត់ការបន្តតាមច្បាប់៕ដោយ៖យឹម សុថាន

 


ចែករំលែក៖