ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសតាំងស៊ប់ និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ ចំនួន ១៧៤ នាក់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ក្នុងឱកាសនោះដែរក៏មានកាចូលរួមពីលោក លោកស្រី ស្នងការរង អធិការ អធិការងខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត ។
លោកវរសេនីយ៍ឯក ងួន សុីរ៉ា នាយការិយាល័យបុគ្គលិក បានឡេីងអានប្រកាសរបស់ក្រសួងមហាផ្ទៃ ក្រោយពីបញ្ចប់ការអានប្រកាស ឯកឧត្តម ស្នងការ លោក លោកស្រីស្នងការរង បានផ្តល់កិត្តិយសបំពាក់សក្តិជូនមន្ត្រីទាំង១០៤នាក់ដែលទេីបតាំងស៊ប់ ។
បន្ទាប់ពីការបំពាក់សក្តិត្រូវបានបញ្ចប់ តំណាងមន្ត្រីតាំងស៊ប់បានឡេីងប្តាជ្ញាចិត្ត ក្នុងនាមមន្ត្រីតាំងស៊ប់ទាំង១០៤នាក់ ការពារ នឹងស្មោះត្រង់ជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរពរដ្ឋធម្មនុញ្ញ និងការពារចំពោះរាជរដ្ឋាភិបាលស្របច្បាប់
មន្ត្រីទាំង១០៤ ត្រូវបានបែងចែកទៅការិយាល័យជំនាញ អធិការដ្ឋាននគរបាលខណ្ឌ និងបណ្តាប៉ុស្តិ៍ចំណុះអធិការខណ្ឌ ។
ក្នុងឱកាសនោះដែរ លោក ស្នងការ បានផ្តល់ជាមតិណែនាំល្អៗជាច្រេីនដល់មន្ត្រីថ្មី ៖
១. ត្រូវកាត់សក់ខ្លីជាប្រចាំ និងស្លៀកពាក់ឯកសណ្ឋានឲ្យបានស្អាត សមជាសមត្ថកិច្ចគំរូ
២. ត្រូវរៀនពីការគោរពឲ្យបានត្រឹមត្រូវក្នុងនាមជាមន្ត្រីនគរបាលជាតិ
៣. ត្រូវគោរពវិន័យកងកម្លាំងឲ្យបានល្អ
៤. ត្រូវយកចិត្តទុកដាក់រៀនសូត្រ ស្តាប់តាមការណែនាំ គោរពរៀមច្បង និងប្រធានអង្គភាព ដែលនឹងត្រូវចាត់តាំងទៅបម្រេីការងារនៅទីនោះ
៥. ត្រូវផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដូចជាការផ្តល់សេវាសាធារណ:ឲ្យបានលឿន ជាពិសេសធានាឲ្យបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
៦. ត្រូវមានវិន័យ អាកប្បកិរិយា សីលធម៌ និងគុណធម៌ ល្អ ក្នុងនាមជាមន្ត្រីនគរបាលជាតិ
៧. ត្រូវបង្ហាញភាពទន់ភ្លន់ ប៉ុន្តែមុឺងម៉ាត់ ក្នុងការអនុវត្តការងារ
៨. ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានជាប្រចាំនៅពេលបេីក ដេីម្បីបង្ហាញជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងនាមជាអនុវត្តច្បាប់
៩. ហាមដាក់ខាត និងចាកចេញឲ្យឆ្ងាយពីអ្វីដែលខុសច្បាប់ ជាពិសេសគឺគ្រឿងញៀន
១០. ត្រូវប្រេីប្រាស់អាវុធឲ្យបានត្រឹមត្រូវ ហាមដាច់ខាតការបាញ់បោះសេរី
១១. ត្រូវចូលរួមថែរក្សាសុខភាព ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយជែល ឬទឹកអាល់កុលឲ្យបានញឹកញាប់ ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ៕សហការី