ភ្នំពេញ៖ ការដ្ឋានស្ថាបនាស្ពានអាកាសនិងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបាន ៤១% ហើយ។ទន្ទឹមនឹងនេះ ដើម្បីសាងសង់ភ្ជាប់ផ្នែកកណ្ដាលនៃផ្លូវក្រោមដីនេះ ក្រោយពីផ្នែកសាងសង់នៃផ្លូវក្រោមដីបានស្ថាបនារួចរាល់នោះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចប្រកាសឱ្យប្រជាពលរដ្ឋយោគយល់ពីការពង្វាងចរាចរណ៍នៅតំបន់នេះ ក្នុងរយៈ ពេល ២ខែ ដោយចាប់ផ្តើមពីថ្ងៃទី ០២មិថុនាឆ្នាំ ២០២០ វេលាម៉ោង ៨ៈ០០នាទីព្រឹករហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ ។
នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពីការពង្វាងចរាចរណ៍នៅការដ្ឋានសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យទាំងស្រុងថា៖ រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋានសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅមេត្តាជ្រាបថា គិតត្រឹមថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ លទ្ធផលនៃការសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីនៅចោមចៅសម្រេចបាន ៤១% នៃគម្រោង ដែលតាមផែនការនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ខាងមុខនេះ។ ក្នុងខណៈពេលនេះដំណើរការការដ្ឋានឈានដល់ដំណាក់កាលការសាងសង់ភ្ជាប់ផ្លូវក្រោមដី ដែលផ្នែកសាងសង់នៃផ្លូវក្រោមដីបានស្ថាបនារួចហើយ ចាំបាច់ត្រូវបិទចរាចរណ៍ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ីនិងផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង ដើម្បីសាងសង់ភ្ជាប់ផ្នែកកណ្ដាលនៃផ្លូវក្រោមដីនេះ ។ ក្នុងផែនការបិទពង្វាងចរាចរណ៍នេះមានរយៈពេល ៦០ថ្ងៃ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី ០២មិថុនាឆ្នាំ ២០២០ វេលាម៉ោង ៨ៈ០០នាទីព្រឹកតទៅ ដល់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ២០២០ ។
អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យនិងសូមធ្វើការពង្វាងចរាចរណ៍តាមតម្រាយផ្លូវដូចខាងក្រោម៖
១-យានយន្តដែលធ្វើដំណើរក្នុងទិសដៅចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤គឺ៖ ក្នុងដំណើរទិសដៅទៅមហាវិថីសហព័ន្ធរុស្ស៊ីត្រូវបត់ឆ្វេងពីមុខការដ្ឋានទៅដងផ្លូវជាតិលេខ៤ដែលមាន២គន្លងចរាចរណ៍បង្កើតថ្មី។ ក្នុងដំណើរទៅផ្លូវវេងស្រេងត្រូវធ្វើដំណើរតម្រង់មកដល់រង្វង់មូលចោមចៅរួចបន្តឆ្ពោះទៅផ្លូវវេងស្រេង។ ក្នុងដំណើរទៅផ្លូវជាតិលេខ ៣ត្រូវធ្វើដំណើរត្រង់មកដល់ស្តុបរង្វង់មូលចោមចៅរួចបត់ស្ដាំមកផ្លូវជាតិលេខ ៣ ។ ២-យានយន្ត ដែលធ្វើចរាចរណ៍ក្នុងទិសដៅរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៣ គឺ៖ ក្នុងដំណើរទៅមហាវិថីសហព័ន្ធរុស្ស៊ីត្រូវធ្វើដំណើរមកដល់អតីតរង្វល់មូលចោមចៅរួចធ្វើដំណើរទៅត្រង់ជាធម្មតា។
ក្នុងដំណើរបត់ឆ្វេងឆ្ពោះទៅផ្លូវជាតិលេខ ៤ត្រូវធ្វើដំណើរមកអតីតរង្វង់មូលចោមចៅរួចបត់ឆ្វេងឆ្ពោះទៅផ្លូវជាតិលេខ ៤ ។ ក្នុងដំណើរទៅផ្លូវវេងស្រេងត្រូវធ្វើដំណើរមកដល់អតីតរង្វង់មូលចង់ចៅរួចបត់ស្ដាំទៅផ្លូវវេងស្រេង។
៣-យានយន្តដែលធ្វើដំណើរក្នុងទិសដៅចេញពីរាជធានីភ្នំពេញតាមមហាវិថីសហព័ន្ធរុស្ស៊ីគឺ៖ ក្នុងដំណើរទៅផ្លូវជាតិលេខ៤ ត្រូវធ្វើដំណើរឆ្លងកាត់រង្វង់មូលចង់ចៅតាមដងផ្លូវជាតិលេខ ៤ មកដល់ទីតាំងខាងចុងការដ្ឋានបត់ឆ្វេង នៅពេលមកដល់ទីតាំងជិតរង្វង់មូលចោមចៅត្រូវបត់ស្ដាំមកផ្លូវជាតិលេខ ៣ ។
យានយន្តក៏អាចមានជម្រើសមួយទៀត ធ្វើដំណើរត្រង់ពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវជាតិលេខ ៤ រួចបត់ឆ្វេងតាមផ្លូវបេតុងសុវណ្ណភូមិនៅខាងកើតសាលាសង្កាត់ចោមចៅឆ្ពោះទៅផ្លូវជាតិលេខ ៣ក៏បាន។
ក្នុងដំណើរទៅផ្លូវវេងស្រេងត្រូវធ្វើដំណើរឆ្លងកាត់រង្វង់មូលចោមចៅតាមដងផ្លូវជាតិលេខ៤ មកដល់ទីតាំងខាងចុងការដ្ឋានត្រូវបត់ឆ្វេង រួចបន្តដំណើរឆ្ពោះទៅផ្លូវវេងស្រេង។
៤-យានយន្តដែលធ្វើដំណើរក្នុងទិសដៅពីផ្លូវវេងស្រេងគឺ៖
ក្នុងការធ្វើដំណើរឆ្ពោះទៅមហាវិថីសហព័ន្ធរុស្ស៊ីត្រូវធ្វើដំណើរត្រង់មកដល់ទីតាំងអតីតរង្វង់មូលចោមចៅរួចបត់ស្ដាំផ្លូវក្រោមដីឆ្ពោះទៅមហាវិថីសហព័ន្ធរុស្ស៊ី។
ក្នុងដំណើរទៅកាន់ផ្លូវជាតិលេខ៤ ត្រូវធ្វើដំណើរមកកាន់ទីតាំងរង្វង់មូលចោមចៅ រួចហើយត្រូវបត់ស្ដាំបន្ទាប់ពីធ្វើដំណើរបានចម្ងាយប្រមាណ២០ ម៉ែត្រ ត្រូវបត់ឆ្វេងមកផ្លូវជាតិលេខ៤។ ក្នុងដំណើរទៅផ្លូវជាតិលេខ៣ត្រូវធ្វើដំណើរ
មកដល់អតីតរង្វង់មូលចោមចៅរួចហើយត្រូវបត់ស្ដាំ បន្ទាប់ពីធ្វើដំណើរបានចម្ងាយ២០ម៉ែត្រត្រូវបត់ឆ្វេងមកផ្លូវជាតិលេខ៤ នៅពេលមកដល់ចុងការដ្ឋានត្រូវបត់ឆ្វេងឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៣ ។ យានយន្តអាចមានជម្រើសមួយទៀត ធ្វើដំណើរត្រង់ពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវជាតិលេខ ៤ រួចបត់ឆ្វេងតាមផ្លូវបេតុងសុវណ្ណភូមិនៅខាងកើតសាលាសង្កាត់ចោមចៅឆ្ពោះទៅផ្លូវជាតិលេខ ៣ក៏បាន។
ប្លង់ពង្វាងចរាចរណ៍ខាងលើត្រូវបានដាក់បង្ហាញនៅទីតាំងការដ្ឋាន។ អាស្រ័យដូចបានជម្រាបខាងលើសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបនិងចូលរួមសហការដោយក្តីអនុគ្រោះ។ទទួលបានសេចក្តីជូនដំណឹងនេះស្នងការដ្ឋានរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជានិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះ ប្រកបដោយការទទួលខុសត្រូវនិងមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖សំរិត