ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ លោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានប្រគល់មួកសុវត្ថិភាព ចែកម៉ាស់ និងបាញ់កម្តៅ បាញ់អាល់កុលដល់កម្លាំងនគរបាលខណ្ឌចំការមន ដែលអំណោយនេះទទួលបានការឧបត្ថម្ភពីប្រជាពលរដ្នក្នុងមូលដ្នានខណ្ឌចំការមនទាំងអស់ ដើម្បីចូលរួមបង្ការទប់ស្កាត់មេរោគកូវីដ-១៩។
លោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានឲ្យដឹងថា អំណោយចែកជូនដល់កងកម្លាំងនគរបាលខណ្ឌចំការមន គឺបានមកពីប្រជាពលរដ្នក្នុងមូលដ្នានខណ្ឌចំការមនទាំងអស់។
លោកបានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ឲ្យចេះសាមគ្គីគ្នា និងធ្វើការងារសង្គមឲ្យបានច្រើន ជាពិសេសត្រូវបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋមូលដ្ឋាន ។
អ្វីដែលកងកម្លាំងនគរបាលត្រូវធ្វើនោះគឺ៖
១. ត្រូវកាត់សក់ខ្លីជាប្រចាំ និងស្លៀកពាក់ឯកសណ្ឋានឲ្យបានស្អាត សមជាសមត្ថកិច្ចគំរូ និងគោរពច្បាប់ចរាចរណ៍ឱ្យបានល្អ។
២. ត្រូវរៀនពីការគោរពឲ្យបានត្រឹមត្រូវក្នុងនាមជាមន្ត្រីនគរបាលជាតិ។
៣. ត្រូវគោរពវិន័យកងកម្លាំងឲ្យបានល្អ។
៤. ត្រូវយកចិត្តទុកដាក់រៀនសូត្រ ស្តាប់តាមការណែនាំ គោរពរៀមច្បង និងប្រធានអង្គភាព ដែលនឹងត្រូវចាត់តាំងទៅបម្រេីការងារនៅទីណានោះ។
៥. ត្រូវផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដូចជាការផ្តល់សេវាសាធារណ:ឲ្យបានលឿន ជាពិសេសធានាឲ្យបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
៦. ត្រូវមានវិន័យ អាកប្បកិរិយា សីលធម៌ និងគុណធម៌ល្អក្នុងនាមជាមន្ត្រីនគរបាលជាតិ។
៧. ត្រូវបង្ហាញភាពទន់ភ្លន់ ប៉ុន្តែមុឺងម៉ាត់ ក្នុងការអនុវត្តការងារ។
៨. ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានជាប្រចាំនៅពេលបេីកបរ ដេីម្បីបង្ហាញជាគំរូល្អដល់ប្រជាពលរដ្ឋក្នុងនាមជាអ្នកអនុវត្តច្បាប់។
៩. ហាមដាក់ខាត និងចាកចេញឲ្យឆ្ងាយពីអ្វីដែលខុសច្បាប់ ជាពិសេសគឺគ្រឿងញៀន។
១០. ត្រូវប្រេីប្រាស់អាវុធឲ្យបានត្រឹមត្រូវ ហាមដាច់ខាតការបាញ់បោះសេរី។
១១. ត្រូវចូលរួមថែរក្សាសុខភាព ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយជែល ឬទឹកអាល់កុលឲ្យបានញឹកញាប់ ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ៕ស រស្មី