ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន កំពុងនាំគ្នាប្រមូលផ្សិតប៉ក់ ( Barometer Earthstars, Hygroscopic Earthstar, False Earthstar ) នៅក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ជោកជាំលាយឡំនឹងការរលឹមស្រិចៗ ដែលធ្វើឱ្យផ្សិតប៉ក់ដុះពាសពេញព្រៃតែម្ដង ។
តាមសម្ដីប្រជាពលរដ្ឋដែលរុករកផ្សិតបានឱ្យដឹងថា ផ្សិតប៉ក់ជាផ្សិតដែលមានរាងមូលតូចៗតែងដុះនៅក្នុងព្រៃតំបន់ដីខ្សាច់សើម ពិសេសនៅក្រោមដើមឈើធំៗ ឬ ក្រោមឈើងាប់ពុកផុយ ដោយយើងគ្រាន់តែយកស្លាបព្រាបាយ ឬឧបករណ៍ផ្សេងៗកាយដី ឬឆូតៗដីដើម្បីរកវា ដែលដុះចាប់ពីខែឧសភា រហូតដល់ខែសីហា នៅក្នុងរដូវវស្សា ។ ក្នុងមួយថ្ងៃប្រជាពលរដ្ឋម្នាក់អាចរកផ្សិតប៉ក់បានជាមធ្យមចាប់ពី ១.៥គីឡូក្រាម ទៅ ៤គីឡូក្រាម ដែលពួកគាត់អាចលក់ឱ្យឈ្មួញកណ្ដាលបានក្នុងតម្លៃចាប់ពី ២៥,០០០៛ ទៅ ៣០,០០០៛ ក្នុង១ គីឡូក្រាម ។
ផ្សិតប៉ក់មិនត្រឹមតែអាចធ្វើជាអន្លក់ ឆា ស្ងោរ សម្ល សម្រាប់បរិភោគប្រកបដោយឱជារស និងរសជាតិឈ្ងុយឆ្ងាញ់នោះទេ យោងតាមការផ្សាយ(Natural resources at my Village,2015) វាក៏បានដើរតួនាទីជួយបម្រុងរាងកាយរបស់យើង ជំនួយកម្លាំង ជួយឃាត់ឈាម ផ្សះស្នាមរបួស បន្ថយអាការហើមជាំ កាត់បន្ថយការមានរោគរមាស់ដៃជើង ជួយបន្ថយគ្រុនក្ដៅក្នុងខ្លួន ។ប្រភព៖ មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ