ខេត្តកំពង់ឆ្នាំង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤គ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងដីមួយកន្លែងដែលទើបភ្ជួរដាំដើមស្វាយ។ ហេតុការណ៍នេះបានកើតឡើងកាលពីទី០១ ខែ មិថុនា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិគោកណាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពងឆ្នាំង ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាំងក្រសាំងបានឱ្យដឹងថា នៅដីមួយកន្លែងដែលប្រជាពលរដ្ឋភ្ជួរធ្វើរងដាំដើមស្វាយ បានប្រទះឃើញគ្រាប់ចំនួន៤គ្រាប់មិនទាន់ផ្ទុះដែលសល់ពីសង្រ្គាម។ ក្រោយពីឃើញភ្លាមប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីសុំកិច្ចអន្តរាគមន៍ពីខាងកម្លាំងជំនាញស៊ីម៉ាក់ឱ្យមកយកចេញភ្លាមៗផងដែរ ។ គ្រាប់ទាំង៤គ្រាប់នេះ៣គ្រាប់ជាប្រភេទគ្រាប់ទម្លាក់ពីយន្តហោះ និង១គ្រាប់ទៀតជាគ្រាប់ប្រភេទ៦០មិលី្លម៉ែត្រ ។ ក្រោយពីបានទទួលព័ត៌មាននេះមកខាងកម្លាំងរបស់ស៊ីម៉ាក់បានមកទទួលយកទៅទុកនៅទីកន្លែងដែលមានសុវត្ថិភាព ។
ខាងជំនាញស៊ីម៉ាក់បានឱ្យដឹងថា រាល់ពេលដែលប្រជាពលរដ្ឋឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មិនត្រូវប៉ះពាល់គ្រាប់ទាំងនោះទេគឺត្រូវតែរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ចដែលនៅជិត និង រាយការណ៍មកខាងក្រុមស៊ីម៉ាក់ដើម្បីយកទៅរក្សាទុក៕
ដោយ៖ ចន្ថា