ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនិងពីរនាក់ទៀតបានរងរបួសធ្ងន់ខណៈដែលជិះម៉ូតូចេញមកពីធ្វើការហើយបានបុកគ្នាពេញទំហឹងនៅខណ្ឌព្រែកព្នៅ។
ហេតុហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវបេតុងហៅផ្លូវឡុងឈិន ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះសែម សល់ ភេទប្រុសអាយុ១៦ឆ្នាំ ស្នាក់នៅភូមិស្លែងមានជ័យឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល (ស្លាប់) និងម្នាក់ទៀតឈ្មោះហ៊ាង សុនីភេទប្រុស អាយុ១៦ឆ្នាំរបួសធ្ងន់ អ្នកទាំងពីរជាកម្មកររោងសិប្បកម្មសាគូរ៉ាក្នុងខណ្ឌឫស្សីកែវ ជិះម៉ូតូម៉ាកនិច ពណ៌សពាក់ស្លាកលេខភ្នំពេញ1IB-7579។ ចំណែកជនរងគ្រោះឈ្មោះឡាំង សុីនាងភេទប្រុស អាយុជាង៣០ឆ្នាំ ស្នាក់នៅឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1B-0089។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុម៉ូតូនិចដែលជិះដោយយុវជនពីរនាក់បានជិះពីត្បូងទៅជេីងតាមបណ្តោយផ្លូវបេតុងឡុងឈិន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកវីវ៉ាជិះដោយបុរសម្នាក់បានជ្រុលមកបុកគ្នាពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់ស្លាប់និងពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយពីកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ចំណុចកេីតហេតុទាក់ទងសមត្ថកិច្ចជំនាញមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅការិយាល័យចរាចរណ៍រាជធានីចាត់ការតាមនីតិវិធី រីឯសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖និន សុភ័ស្ត