អន្តរជាតិ៖ លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា កាលពីថ្ងៃទី១ ខែមិថុនាម្សិលមិញនេះ បាននិយាយថា ប្រទេសរុស្ស៉ីថា មិនសាកសមចូលរួមប្រជុំ G7 ព្រោះមិនគោរពច្បាប់ទម្លាប់ និងបំពានច្បាប់អន្តរជាតិ ។មិនតែប៉ុណ្ណោះលោក Justin Trudeau បានចេញមុខបដិសេធមិនឲ្យរុស្ស៊ីមកចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) នាពេលខាងមុខ តាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ។
សូមជម្រាបថា កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ដែលគ្រោងប្រារព្ធឡើង នៅខែមិថុនា ខាងមុខ នានិវេសនដ្ឋាន Camp David ត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងអញ្ជើញរុស្ស៊ី កូរ៉េខាងត្បូងឥណ្ឌា និងអូស្ត្រាលីឲ្យមកចូលរួម។ ការបន្ថែមសមាជិកឲ្យមកចូលរួមក្នុងកិច្ចប្រជុំG7 នេះ គឺលោកត្រាំ បានសំអាងថា កិច្ចប្រជុំមួយនេះ គឺហួសសម័យ និងមិនសក្តិសម ក្នុងការតំណាងឲ្យពិភពលោកទាំងមូល។
យ៉ាងណាក៏ដោយ កិច្ចប្រជុំក្នុងខែមិថុនានេះ ត្រូវបានអាមេរិកលើកពេលប្រជុំដោយសារតែស្ថានភាពCOVID-19 នៅអាមេរិក និងការបដិសេធ មិនទៅចូលរួមរបស់សមាជិកមួយចំនួន ដូចជាអាល្លឺម៉ង់ជាដើម។ បើតាមលោកត្រាំកិច្ចប្រជុំG7 អាចធ្វើឡើងសារជាថ្មី នៅក្នុងខែកញ្ញាខាងមុខ។
ទាក់ទងនឹងការចូលរួមរបស់រុស្ស៊ីក្នុងជំនួប G7 នេះ កាណាដាបានលើកឡើងថា រុស្ស៊ីមិនសាកសម ក្នុងការចូលរួមក្នុងកិច្ចប្រជុំនេះឡើយ។ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១ ខែមិថុនា នាយករដ្ឋមន្ត្រី Justin Trudeau បានអះអាងថា រុស្ស៊ីមិនសក្តិសមចូលរួមក្នុងកិច្ចប្រជុំ G7 ឡើយព្រោះប្រទេសមួយនេះ មិនគោរពច្បាប់អន្តរជាតិ និងបំពានបទដ្ឋានអន្តរជាតិ។ ប្រមុខរដ្ឋាភិបាលកាណាដា សំដៅទៅលើសកម្មភាពរបស់រុស្ស៊ី កាលពីឆ្នាំ២០១៤ ដែលបានលេបត្របាក់ យកទឹកដីគ្រីមៀ។
ក្រៅពីហាមវត្តមានរុស្ស៊ី កាណាដាក៏បដិសេធការបន្ថែមសមាជិកចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAFP លោកTrudeau បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វាពិតជាសំខាន់ណាស់ ក្នុងការរក្សាសមាជិកប្រជុំឲ្យនៅដដែល ហើយត្រូវប្រាកដថាយើងកំពុងតែសហការជាមួយគ្នាជាអន្តរជាតិ នៅក្នុងពេលនេះ ដើម្បីដោះស្រាយវិបត្តិ(COVID-19) »។ ក្នុងន័យនេះ ការបន្ថែមសមាជិក គឺមិនសំខាន់ឡើយ ប៉ុន្តែកិច្ចប្រជុំនេះ ត្រូវការការសហការគ្នាពីសមាជិក G7 ទាំងអស់ ។
គួរបញ្ជាក់ថា កាលពីមុនឆ្នាំ ២០១៤ រុស្ស៊ី ក៏ជាសមាជិកនៃកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើននេះដែរ ដែលពេលនោះ គឺគេហៅថាកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៨ (G8)។ ប៉ុន្តែដោយសារតែ រុស្ស៊ីលេបត្របាក់យកទឹកដីគ្រីមៀ នៅក្នុងឆ្នាំ២០១៤ សមាជិកទាំងអស់ បានសម្រេចដករុស្ស៊ីចេញពីកិច្ចប្រជុំG8។ បន្ទាប់ពីដកសមាជិកភាពរុស្ស៊ីចេញពីកិច្ចប្រជុំ G8 ត្រូវបានប្តូរមកជា G7 វិញ។ សមាជិកG7 មានអាមេរិកកាណាដា អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន និងអង់គ្លេស៕ដោយ៖ស តារា