ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់បុរសម្នាក់ សមត្ថកិច្ចជំនាញកំពុងសហការចុះត្រួតពិនិត្យ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសជាជនជាតិវៀតណាមម្នាក់ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់នៅគ្រាដែលជនរងគ្រោះបានតខ្សែភ្លើងចូលក្នុងអគារសំណង់មួយកន្លែង ហើយករណីនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងសហការគ្នាចុះត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវ ។

 ហេតុការណ៍ឆ្លងចរន្តអគ្គិសនីឆក់មនុស្សស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣ និង៤០នាទី រសៀលថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ក្នុងការដ្ឋានសំណង់អគារដែលកំពុងសាងសង់មួយកន្លែងនៅចំណុចចុងបឹង ស្ថិតក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

 ទាក់ទិននឹងករណីនេះលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រងិលបានឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នេះថាជនរងគ្រោះ(ស្លាប់)ឈ្មោះ ង្វៀង យុំាងទឹង ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិវៀតណាម ជាមេជាងសំណង់(ផ្ទះប្រជាពលរដ្ឋ)ដែលកំពុងសាងសង់។ សពកំពុងតម្កល់នៅវត្តចុងបឹងដើម្បីរង់ចាំមន្រ្តីជំនាញបច្ចេកទេសកោសល្យវិច័យទៅពិនិត្យ។

 លោកនាយប៉ុស្ដិ៍រដ្ឋបាលបន្តទៀតថា មុនកើតហេតុគេឃើញជនរងគ្រោះតខ្សែភ្លើងនៅក្នុងអគារសំណង់នោះ ប៉ុន្តែមិនដឹងជាយ៉ាងម៉េចបានជាជនរងគ្រោះត្រូវចរន្តអគ្គិសនីឆក់ ហើយភ្លាមៗនោះក្រុមគ្រួសារសាច់ញាតិបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពព្រងិលដែរ ប៉ុន្តែក្រុមគ្រូពេទ្យប្រាប់ថាជនរងគ្រោះបានស្លាប់ហើយ ទើបបន្តដឹកទៅតម្កល់នៅវត្តដើម្បីរង់ចាំធ្វើការស្រាវជាវបន្ត ៕ ដោយ៖ បុឹម ពិន

 


ចែករំលែក៖