កំពូលកីឡាករប្រណាំងរថយន្ត Formula 1 លោក Lewis Hamilton បានរិះគន់ស្ថាប័នប្រណាំងរថយន្ត Formula 1 ចំពោះភាពស្ងៀមស្ងាត់ជុំវិញការស្លាប់របស់បុរសស្បែកខ្មៅឈ្មោះ George Floyd កាលពីថ្ងៃទី២៥ ឧសភា។
ម្ចាស់ជើងឯក Formula 1 ពិភពលោករូបនេះជាអ្នកប្រណាំងស្បែកខ្មៅដំបូងគេដែលឈ្នះការប្រណាំងរថយន្ត៦ជំនាន់បានចំណាយពេលច្រើននៅទឹកដីអាមេរិក និងរៀបរាប់អំពីបញ្ហារើសអើងជាតិសាសន៍នេះលើបណ្តាញសង្គម Instagram កាលពីម្សិលមិញ ។
កីឡាករប្រណាំងរថយន្តជនជាតិអង់គ្លេសរូបនេះបានសរសេរថា “ខ្ញុំបានឃើញអ្នកដែលនៅស្ងៀម អ្នកខ្លះដែលជាតារាល្បីៗក្នុងស្ថាប័ន F1ប៉ុន្តែនៅតែស្ងៀមបើទោះបីមានភាពអយុត្តិធម៌បែបនេះកើតឡើងក៏ដោយ។នេះមិនមែនសំដៅលើអ្នកណាម្នាក់នៅក្នុងឧស្សាហកម្មកីឡាប្រណាំងឡានដែលមានអ្នកគ្រប់គ្រងជាជនជាតិស្បែកសនោះទេ។ ប៉ុន្តែខ្ញុំចង់បង្ហាញថា ខ្លួនជាមនុស្សតែម្នាក់គត់ដែលមានស្បែកខ្មៅនៅ F1” ។
ក្រោយមានបញ្ហាកុប្បកម្មកើតឡើងនៅសហរដ្ឋអាមេរិក កីឡាករប្រណាំរថយន្ត Hamilton បានអះអាងថា រូបគេមិនគាំទ្រឲ្យមានការលួច និងតវ៉ារហូតដុតអគារទាំងនោះទេ ប៉ុន្តែអ្នកដែលកំពុងតវ៉ាដោយសន្តិវិធីគឺគាំទ្រពេញទំហឹង ។
សូមរំលឹកថា បុរសស្បែកខ្មៅឈ្មោះ George Floyd បានស្លាប់ក្រោមស្នាដៃប៉ូលិសស្បែកសឈ្មោះ Derek Chauvin ដែលប្រើជង្គង់សង្កត់កផ្ទប់ទៅនឹងដីអស់រយៈពេលជិត៨នាទីនិង៤៥វិនាទី។ ករណីនេះបានកើតឡើងនៅក្រុង Minneapolis រដ្ឋមីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែឧសភា បន្ទាប់ពីបុគ្គលិកហាងទំនិញម្នាក់ បានទូរស័ព្ទរាយការណ៍ទៅប៉ូលិសថា George Floyd បានយកលុយក្លែងក្លាយ២០ដុល្លារទិញទំនិញនៅហាងរបស់ខ្លួន ៕ដោយ៖ភារៈ