ព័ត៌មានទាន់ហេតុការណ៍៖

ឱសថក្លែងក្លាយ​ អន់​គុណភាព និងផលិតផលក្លែងក្លាយជាង១៣០តោន នឹងត្រូវ​បំផ្លាញ​ចោលនៅថ្ងៃស្អែក

ចែករំលែក៖

ភ្នំពេញ​ ៖​ ផលិតផលក្លែងក្លាយខុសច្បាប់ ចំនួនជាង១៣០តោន ដែលកម្លាំងសមត្ថកិ​ច្ចចម្រុះនៃគណៈកម្មាធិការបង្ក្រាប និង​រឹបអូសរក្សាទុកនាពេលកន្លងមក​ នឹងត្រូវ​បំផ្លាញចោល​នៅថ្ងៃស្អែក​ទី៤​ ខែមិថុនា​ ឆ្នាំ​២០២០​ ។

នេះបេីយោង​តាម​សេចក្តី​ប្រកាសព័ត៌​មានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះ​ថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក)។

យោង​តាម​សេចក្តី​ប្រកាស​ឲ្យ​ដឹង​ថា​ ពិធី​នេះ​នឹងអញ្ជើញជាអធិបតីភាពលោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ​ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងមន្រ្តីរាជការជាច្រើនរូប ។

ការបំផ្លាញចោលឱសថក្លែងក្លាយអន់គុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់ទាំងនេះ ត្រូវបានអនុវត្តតាមការបង្គាប់របស់តុលាការឲ្យធ្វើការបំផ្លាញចោល ដែលនឹងប្រារព្ធពិធីនេះនៅ ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា
ឆ្នាំ២០២០ វេលាម៉ោង ៧:០០នាទីព្រឹក នៅទីលានសំរាមដង្កោ សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ (ផ្លូវចូលជាប់សាលាសង្កាត់ជើងឯក) ៕​ ដោយ​ ៖​ ជាយក្រុង​


ចែករំលែក៖