ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយជាលើកទី​ ៦​ ជូនដល់បុរីទារក​ និងកុមារជាតិ​

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃពុធ​ ទី ៣​ ខែមិថុនា​ ឆ្នាំ២០២០ នេះ លោកស្រី​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ និងសហការី​ បានអញ្ជេីញចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ជាលេីកទី៦​ ជូនដល់កុមារខ្សោយសតិបញ្ញា​ កុមារពិការ​ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា​ និងគ្រូ​-បុគ្គលិក​ សរុបចំនួន​ ២២៥នាក់​ នៃបុរីទារក​ និងកុមារជាតិ​ ដែលមានទីតាំងស្ថិតនៅ ភូមិដំណាក់៣​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាស​នោះ លោកស្រី​ អគ្គលេខាធិការ​ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ និងព្រះរាជបណ្តាំរបស់​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះកុមារ​និងបុគ្គលិកទាំងអស់​ ជាពិសេសការកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រូ-បុគ្គលិក​ ដែលបានយកអស់កម្លាំងកាយ-ចិត្ត​ មេីលថែទាំ​ ចិញ្ចឹមបីបាច់​ ផ្តល់ភាពកក់ក្តៅ​ និងផ្តល់ការអប់រំ​ ដល់កុមារទាំងអស់ប្រកបដោយទឹកចិត្តមនុស្សធម៌​ និងក្តីអាណិតស្រឡាញ់។ ទន្ទឹមនឹងនេះ​ លោកស្រីបានផ្តាំផ្ញេីដល់គ្រូ-បុគ្គលិកទាំងអស់​ សូមបន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ដោយផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅ​ ជាពិសេស​ ការរក្សាអនាម័យដៃស្អាត​ ការពាក់ម៉ាស់ក្នុងករណីចាំបាច់​ និងការរក្សាគម្លាតពីគ្នា​។

ជាមួយគ្នានោះ​ លោកស្រី​ ថោ​ ពៅ ប្រធានបុរីទារក​ និងកុមារជាតិ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​នៃ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមាន​ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស​ ដែលតែងតែគិតគូរពីសុខទុក្ខ ហើយបានឧបត្ថម្ភជាបន្តបន្ទាប់​។ 

សូមបញ្ជាក់ថា​​ អំណោយប្រគល់ជូនបុរីទារកនិងកុមារជាតិ​ រួមមាន​ ៖​ អង្ករ​ ៣តោន​​ មី ៤០កេស​ ត្រីខ​ ១០កេស​ ទឹកក្រូច​ ១៥កេស​ ទឹកសុទ្ធ​ ១៥កេស​ ទឹកត្រី​ ២៤ដប​ ទឹកស៊ីអ៊ីវ​ ២៤ដប​ អាល់កុល​ ៦០លីត្រ​ ម៉ាស់​ ១០ដុំ​ (ស្មេីនឹង​ ៥០០ម៉ាស់)​ និងថវិកា​ ១០លានរៀល​។ ដោយឡែក​ សាប៊ូដុំ​ ចំនួន​ ១៥កេស​ (ស្មេីនឹង​ ១,០៨០ដុំ)​ ជាព្រះរាជអំណោយរបស់​ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​។​ សម្រាប់ គ្រូ-បុគ្គលិក​ ចំនួន​ ៨០នាក់​ ក្នុងម្នាក់ៗ​ទទួលបាន​ អង្ករ​ ៣០គីឡូក្រាម​ ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ ១ឃីត​ និងថវិកា​ ៥ម៉ឺនរៀល៕ដោយ៖ សិលា


ចែករំលែក៖