ភ្នំពេញ៖ ចោរមួយក្រុមបាននាំគ្នាគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងលួចបានលុយ១.៣០០ដុល្លារ និងម៉ូតូមួយគ្រឿងហើយពេលឃើញសមត្ថកិច្ចក៏ផ្តួលម៉ូតូចោលយកតែលុយរត់ទៅបាត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២ទៀបភ្លឺឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នៅចំណុចបន្ទប់ជួលមួយកន្លែងគ្មានលេខ ដែលស្ថិតនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ស្រ្តីរងគ្រោះជាម្ចាស់ម៉ូតូបានឲ្យដឹងថា ខ្លួនមានឈ្មោះ សួន សុខគៀង អាយុ៣៥ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ។ មុនពេលកើតហេតុ នៅក្នុងបន្ទប់មានក្មេងៗ ២-៣នាក់រួមនឹងខ្លួនផងដែរ បានសម្រាកលង់លក់ក្នុងដំណេក ប៉ុន្តែមិនបានចាក់សោទ្វារនោះទេ គឺគ្រាន់តែដាក់គន្លឹះប៉ុណ្ណោះ។ ចំណែកឯម៉ូតូគាត់ដាក់នៅក្បែរគ្រែដូចសព្វដង រីឯលុយចំនួនជាង១៣០០ដុល្លារបានទុកក្នុងកញ្ចប់ថង់លើក្បាលដំណេក។ ស្រ្តីរងគ្រោះបន្តទៀតថា មិនដឹងថាជនសង្ស័យទាំងនោះធ្វើសកម្មភាពឆ្កឹះគន្លឹះទ្វារចូលក្នុងបន្ទប់តាំងពីពេលណានោះទេ ស្រាប់តែឃើញទ្វារចំហ រីឯម៉ូតូបានបាត់ទើបមានការភ្ញាក់ផ្អើលឆោឡោតែម្តង សូម្បីតែលុយដែលទុកលើក្បាលដំណេកក៏បាត់ដែរ។
ក្រោយពេលទទួលបានព័ត៌មាននេះភ្លាមកម្លាំងល្បាតនគរបាលខណ្ឌមានជ័យសហការជាមួយនគរបាលមូលដ្ឋានបានចុះធ្វើអន្តរាគមន៍ដោយធ្វើការល្បាតគ្រប់ច្រកល្ហកក៏បានប្រះទះឃើញម៉ូតូដែលជនសង្ស័យជិះគេចពីសមត្ថកិច្ចបានផ្តួលម៉ូតូចោលនៅក្បែរគំនរសំរាមហើយរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ហើយលុយដុល្លារដែលបាត់មានចំនួន១.៣០០ដុល្លារ ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ៕ ជ្រោយពេជ្រ