ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់បំណុលគំរាមប្តឹងទៅប៉ុស្តិ៍នគរបាលរឹបអូសយកម៉ូតូកញ្ចាស់មួយគ្រឿងធ្វើឱ្យស្ត្រីជាកូនបំណុលស្រែកយំសុំកិច្ចអន្តរាគមន៍ពីលោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន

ចែករំលែក៖

ខេត្តតាកែវ៖ ស្រ្តីម្នាក់ឈ្មោះ សូត្រ ឡា មានទីលំនៅភូមិត្រពាំងឫស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ បានទូរស័ព្ទដោយស្រែកយំសុំកិច្ចអន្តរាគមន៍ពីលោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ឱ្យជួយរកដំណោះស្រាយដោះបំណុលឱ្យរូបគាត់ដោយអនុគ្រោះផងព្រោះម្ចាស់បំណុលបានគំរាមប្តឹងរឹបអូសយកម៉ូតូរបស់គាត់។ 

យោងតាមការផ្សាយលើហ្វេសប៊ុកផេក «ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បង្ហាញថា ម្ចាស់បំណុលបានគំរាមប្តឹងទៅប៉ុស្តិ៍នគរបាល និង ប្តឹងរឹបអូសយកម៉ូតូកញ្ចាស់មួយគ្រឿង ដែលម៉ូតូនេះគឺជាមធ្យោបាយតែ១គត់សម្រាប់ដឹកម្ជូរទៅលក់នៅមុខរោងចក្រ ដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ ។ 

ស្ត្រីម្នាក់នេះមានបន្ទុករ៉ាប់រងរកស៊ីចិញ្ចឹម ម្តាយចាស់ជរា ប្តីពិការស្លាប់មួយចំហៀងខ្លួន និងកូនជាអនីតិជនចំនួនបីនាក់ (កូនប្រុសម្នាក់ មានជំងឺបេះដូងចំហ ) ។

ទទួលបានដំណឹងនេះភ្លាម , នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានចាត់តាំងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មានក្រុមមេធាវីអន្តរាគមន៍ចំនួន២រូប និងមេធាវីស្ម័គ្រចិត្តប្រចាំខេត្តតាកែវចំនួន២រូប ចុះទៅពិនិត្យស្ថានភាពជាក់ស្តែងដល់លំនៅឋានរបស់ស្រ្តីឈ្មោះ សូត្រ ឡា និងបានជួបម្ចាស់បំណុល ដោយបានដោះស្រាយបញ្ហានៅសាលាឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ក្រោមកិច្ចសម្របសម្រួលរបស់ «ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ជាលទ្ធផល ម្ចាស់បំណុល និងកូនបំណុល បានឯកភាពបញ្ចប់វិវាទ ដោយស្មារតីយោគយល់ និងគោរពទៅតាមការអំពាវនាវរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕ដោយ៖ចេស្តា


ចែករំលែក៖