ខេត្តស្ទឹងត្រែង៖ មន្ទីរបរិស្ថានខេត្តបានផ្តួចផ្តើមប្រារព្ធ «ទិវាបរិស្ថានពិភពលោក ៥មិថុនា» ក្រោមប្រធានបទអភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នាក្រោមអធិបតីភាពលោកឌួង ពៅ អភិបាលរងខេត្ត លោកអេង ភារ៉ុង ប្រធានមន្ទីរបរិស្ថានខេត្ត រួមនឹងមន្ត្រីបរិស្ថានខេត្ត និងសិស្សានុសិស្សចូលរួមផងដែរ។
លោកអេង ភីរ៉ុង ប្រធានមន្ទីរបរិស្ថានខេត្តបានឱ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែមិថុនា នេះថា ឆ្នាំ២០២០គឺជាខួបលើកទី២៧ សម្រាប់ប្រទេសកម្ពុជាក្នុងការប្រារព្វទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ដែលប្រធានបទនេះតែងតែប្រារព្ធជាធម្មតានៅប្រទេសកម្ពុជាដោយអនុលោមទៅតាមប្រធានបទរបស់ទិវាបរិស្ថានពិភពលោកជារៀងរាល់ឆ្នាំម្តង ។
លោកប្រធានមន្ទីរបរិស្ថានបន្តថា ទិវានេះជាយន្តការមួយដែលអង្គការសហប្រជាជាតិប្រើប្រាស់ដើម្បីលើកកម្ពស់ការយល់ដឹងពីបរិស្ថានទូទាំងពិភពលោក ។
ជារៀងរាល់ឆ្នាំទិវាបរិស្ថានពិភពលោក គឺជាវេទិកាដ៏មានឥទ្ធិពលក្នុងការពន្លឿនពង្រីក និងការចូលរួមជាមួយប្រជាសហគមន៍ និងរដ្ឋាភិបាលនៅជុំវិញពិភពលោក ដើម្បីចាត់វិធានការលើបញ្ហាបរិស្ថានសំខាន់ៗដែលកំពុងប្រឈមនិឹងភពផែនដី។
ក្នុងនោះផងដែរ លោក ដួង ពៅ អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែងក៏បានលើកឡើងថា ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីការគ្រប់គ្រង និងការប្រើប្រាស់ធម្មជាតិ ប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនិឹងការបម្រែបម្រួល អាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើកកម្ពស់សុខភាព សាធារណៈ កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។
លោកអភិបាលរងខេត្តបន្តថា ក្នុងឆ្នាំ២០២០ ក៏ជាឆ្នាំដ៏សំខាន់សម្រាប់ប្តេជ្ញាចិត្តក្នុងការអភិរក្ស និងស្តារប្រព័ន្ធ អេកូឡូស៊ី។ ដោយឡែកក្នុងគោលបំណងសម្រាប់ឆ្នាំ២០២០ ដល់ ឆ្នាំ២០៣០ គឺដើម្បីពង្រីកទ្រង់ទ្រាយធំនៃការស្តារប្រព័ន្ធអេកូឡូស៊ី ដែលត្រូវបានបំផ្លាញ និងដើម្បីប្រឆាំងនិឹងវិបត្តិ អាកាសធាតុ និងបង្កើនសន្តិសុខស្បៀង ការផ្គត់ផ្គង់ទឹក និងជីវៈចម្រុះផងដែរ។
គួរបញ្ជាក់ថា ទិវាបរិស្ថានពិភពលោក ៥ មិថុនា បានប្រារព្ធនៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ដែលមានការចូលរួមពីមន្រ្តីនៃមន្ទីរបរិស្ថាន សិស្សនិស្សិតដោយដើរដង្ហែជុំវិញផ្សារសាមគ្គីក្រុងស្ទឹងត្រែង និងចែកខិត្តប័ណ្ណ ពន្យល់ណែនាំដល់ប្រជាពលរដ្ឋ អាជីវករ ពីផលប៉ះពាល់នៃបរិស្ថានថែមទៀតផង ដើម្បីលើកស្ទួយ ទប់ស្កាត់កាកសំណល់ បន្សល់ពីការប្រើប្រាស់រួច មិនចេះវេចខ្ចប់ ដាក់ធុងទុកឲ្យបានស្អាតល្អ នឹងរួមចំណែកទប់ស្កាត់ការកាប់រុករានទន្រ្ទានដីព្រៃរបស់រដ្ឋមកជាកម្មសិទ្ធិ ក្នុងតំបន់ជ្រករបៀងជីវៈចម្រុះ និងការកាប់ឈើដឹកជញ្ជូនក្នុងដែនសមត្ថកិច្ចគ្រប់គ្រង ដែលជាជម្រករបស់មនុស្សសត្វ ដ៍សំខាន់អាក់ខានមិនបាន។ សូមចូលរួមថែរក្សា ការពារ និងអភិរក្សទាំងអស់គ្នា៕ដោយ៖មាស សុផាត