អេស្ប៉ាញ៖ ក្លឹបយក្សអ្នកមានបុណ្យ Barcelona កំពុងចាប់ផ្ដើមចរចាជាមួយកីឡាករLionel Messi ដើម្បីបានបន្ដកុងត្រាថ្មីទៀត ព្រោះកុងត្រាចាស់របស់គេនឹងអស់នៅឆ្នាំ២០២១ ។ កត្តានេះធ្វើឲ្យខ្សែប្រយុទ្ធឆ្នើមរូបនេះកំពុងពិចារណាផងដែរ។ នេះបើយោងតាម Livescore ចេញផ្សាយនៅថ្ងៃអាទិត្យនេះ ។
Messi មានលក្ខខណ្ឌមួយទៀតដែរលើកុងត្រាចាស់គឺអាចដើរចេញដោយ Free នៅរដូវក្ដៅខាងមុខនេះ។ ដោយសារតែលក្ខខណ្ឌមួយនេះហើយ ទើបបានជាក្រុម Barcelona ប្រញាប់ខ្លាំងក្នុងការព្យាយាមបន្ដកុងត្រាឱ្យវីរបុរសរបស់ខ្លួនទៀត។ ព្រោះបើទុកដល់រដូវក្ដៅខាងមុខ ខ្លាចមានក្លឹបណាអាចធ្វើឲ្យ Messi បានសម្រេចចិត្តទៅលេងបាន។
ប្រធានក្លឹបលោក Josep Maria Bartomeu មានបំណងចង់ឱ្យកីឡាករវ័យ៣២ឆ្នាំនេះ លេងនៅ Barcelona រហូតដល់ចូលនិវត្តន៍នៅទីនេះតែ មិនឱ្យចាកចេញទៅក្លឹបដទៃទៀតទេ។ ពាក្យនេះ គឺមានន័យថា កីឡាករឆ្នើមរូបនេះអាចនឹងបញ្ចប់អាជីពរបស់ខ្លួននៅក្លឹប Barcelona ក៏ថាបាន។
សូមបញ្ជាក់ថា កីឡាករសញ្ជាតិអាហ្សង់ទីន Messi បានចំណាយពេល១៦ឆ្នាំនៅជាមួយក្រុមអ្នកមានបុណ្យ ដោយបានជួយក្លឹបមួយនេះឈ្នះពានរង្វាន់ចំនួន៣៤ និងទទួលបានជោគជ័យយ៉ាងធំធេងក្នុងនាមជាកីឡាករឆ្នើមលំដាប់ពិភពលោក៕ដោយ៖ភារៈ