ភ្នំពេញ៖ ប្រជាពលរដ្ឋតែងតែរិះគន់ថា ផ្លូវជាតិលេខ២និងផ្លូវ៦០ម៉ែត្រក្នុងខណ្ឌមានជ័យ សម្បូរទៅដោយឡានដឹកខ្សាច់ជាច្រើនធ្វើដំណើរក្នុងល្បឿនលឿនៗ ជាពិសេសនោះគឺធ្វើឱ្យបាត់បង់សោភណភាព ដោយសារតែការធ្លាក់ជ្រុះខ្សាច់ពេញផ្លូវតែម្តង ហើយជាញឹកញាប់ អ្នកជិះម៉ូតូបានដួលដោយសារខ្សាច់ទាំងនេះផងដែរ ។
បញ្ហានេះ ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ ចុះណែនាំជាញឹកញាប់ តែដេប៉ូខ្សាច់ទាំងនេះហាក់មិនគោរពនិងអនុវត្តតាមទាល់តែសោះ ។
លើកនេះ អាជ្ញាធរបានប្រកាសសាជាថ្មី ថា «ប្រសិនបើម្ចាស់ការដ្ឋានទាំង៣ មិនគោរពតាមការកិច្ចសន្យា និង ស្នាមមេដៃនោះទេ អាជ្ញាធរនឹងប្រើវិធានការរដ្ឋបាល សុំគោលការណ៍ដកហូតអាជ្ញាប័ណ្ណ និង ចុះបិទដេប៉ូខ្សាច់ទាំងនោះជាបណ្តោះអាសន្ន»។
នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ នេះ ដោយមានការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង មានគោលការណ៍ដឹកនាំផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ , គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះណែនាំដេប៉ូខ្សាច់ ចំនួន៣ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ២ និងផ្លូវ៦០ម៉ែត្រ ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានធ្វើការប្រជុំណែនាំលើដេប៉ូខ្សាច់ចំនួន៣ទីតាំងដូចខាងក្រោម ៖
១-នៅក្នុងបរិវេណដេប៉ូស្តុកខ្សាច់ និង មុខការដ្ឋានខ្សាច់ ផ្លូវចូល ត្រូវរៀបចំឱ្យស្អាត បាញ់លាងសម្អាតកង់ឡាន និង ថ្នល់សាធារណៈឱ្យជ្រះស្អាត មិនឱ្យឃើញស្នាមប្រឡាក់ផ្លូវជាដាច់ខាត ។
២-នៅមុខការដ្ឋាន ឬ ចិញ្ចើមផ្លូវសាធារណៈ ប្រសិនបើមានការខូចខាត ឬ ក៏ប្រេះ ឬ ក៏ជង្ហុកផ្លូវនៅខាងមុខការដ្ឋាន ត្រូវធ្វើការជួសជុល ឬក៏អ៊ុតប៉ះឱ្យស្អាតដូចដើម មិនត្រូវឱ្យមានជង្ហុកនៅខាងមុខការដ្ឋាន ដែលអាចបណ្តាលឱ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរលើផ្លូវសាធារណៈដោយប្រការណាមួយ ជាយថាហេតុ ។
៣-គ្រប់ការដ្ឋានដេប៉ូដឹកខ្សាច់ ហាមដឹក ហូរហៀរ និង ត្រូវគ្របដណ្តប់ឡានជាមុនឱ្យបានត្រឹមត្រូវ ហើយត្រូវលាងសម្អាត មុខការដ្ឋានឱ្យបានស្អាតជាប្រចាំ ជៀសវាងប្រឡាក់អាចធ្វើឱ្យប៉ះពាល់សោភណភាពផ្លូវជាតិ និងខូចសណ្តាប់ធ្នាប់លើផ្លូវសាធារណៈផងដែរ ។
៤-គ្រប់ម្ចាស់ដេប៉ូខ្សាច់ទាំងអស់ ត្រូវមានរថយន្តទឹកបាញ់លាងសម្អាតផ្លូវ ទាំងមុខការដ្ឋាន និង ផ្លូវថ្នល់ចំនួន២គ្រឿងជាចាំបាច់។
៥-ម្ចាស់ដេប៉ូខ្សាច់ ត្រូវគោរពតាមវិធានការរដ្ឋបាលខណ្ឌ ដែលបានកំណត់ជូន ។
បន្ទាប់ពីមានការប្រជុំណែនាំរួច លោក ឌី រត្ន័ខេមរុណ បានឱ្យម្ចាស់ការដ្ឋានទាំងអស់ត្រូវគោរពតាមលក្ខខណ្ឌ និង កិច្ចសន្យាលើកំណត់ហេតុ ដើម្បីអនុវត្តតាមគោលការណ៍ណែនាំរបស់អាជ្ញាធរឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះណែនាំនេះតទៅ ។
លោក ឌី រ័ត្នខេមរុណ សង្កត់ធ្ងន់ថា «ប្រសិនបើម្ចាស់ការដ្ឋានទាំង៣ មិនគោរពតាមការកិច្ចសន្យា និង ស្នាមមេដៃនោះទេ អាជ្ញាធរនឹងប្រើវិធានការរដ្ឋបាល សុំគោលការណ៍ដកហូតអាជ្ញាប័ណ្ណ និង ចុះបិទដេប៉ូខ្សាច់ជាបណ្តោះអាសន្ន»៕
ដោយ៖ចេស្ដា