ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​នគរបាលប៉ុស្តិ៍ចាក់អង្រែលេីឃាត់ខ្លួនជនសង្ស័យចំនួន២នាក់​ករណីគាស់ផ្ទះលួចយកម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាលប៉ុស្តិ៍ចាក់អង្រែលេីបានចុះធ្វើការស្រាវជ្រាវករណីគាស់ផ្ទះលួចម៉ូតូប្រជាពលរដ្ឋកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៤ទៀបភ្លឺ នៅចំណុចផ្ទះលេខ ២១ ផ្លូវលំ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រហូតដល់ម៉ោង១១ព្រឹក ថ្ងៃទី៧ ខែ មិថុនា ឆ្នាំ ២០២០ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់។

ជនសង្ស័យទី១ដែលឃាត់ខ្លួនបាននោះឈ្មោះ នូ សុខខែ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ២១ ផ្លូវលំ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។

ជនសង្ស័យទី២ឈ្មោះ សុខ ហៀប អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ២១ ផ្លូវលំ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។

ចំណែកជនរងគ្រោះឈ្មោះ ស៊ិន សាណា អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ២១ ផ្លូវលំ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររត់ម៉ូតូសណ្តោងរ៉ឺម៉ក ។

លោកអ៊ុំ​ រតនា​ នាយប៉ុស្តិ៍ចាក់អង្រែលេី​ បានឱ្យដឹងថា៖ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះបានយកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GH- 0247 មានសណ្តោងកន្តុយរ៉ឺម៉ក និងកង់តួស្រី ពណ៌ខ្មៅចំនួន១គ្រឿងទុកនៅក្នុងផ្ទះ រួចចាក់សោទ្វារផ្ទះទៅសម្រាកនៅផ្ទះមួយផ្សេងទៀតនៅក្បែរគ្នា ។ 

លុះមកដល់ម៉ោង៥ព្រឹកថ្ងៃទី៧ ខែ មិថុនា ឆ្នាំ ២០២០ ជនរងគ្រោះបានដើរមកយកម៉ូតូសណ្តោងរ៉ឺម៉កដើម្បីចេញដឹកភ្ញៀវ ស្រាប់តែឃើញទ្វារផ្ទះមានស្នាមគាស់ស្រយូវ។ ពេលចូលទៅមើលទ្រព្យសម្បត្តិក្នុងផ្ទះឃើញបាត់ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH- 0247 (នៅសល់តែកន្ទុយរ៉ឺម៉ក) និងកង់តួស្រីពណ៌ខ្មៅចំនួន១គ្រឿង ក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើឲ្យជួយស្រាវជ្រាវ។

បន្ទាប់ពីសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពយកដង្កាប់គាស់ស្រយូវទ្វារផ្ទះជនរងគ្រោះចូលលួចយកម៉ូតូ១គ្រឿង និងកង់១គ្រឿងជិះយកទៅលាក់ទុកនៅដីវាល ក្នុងភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (បាត់រកមិនឃើញ)។ ចំណែកម៉ូតូម៉ាកហុងដាសេ១២៥ ជនសង្ស័យបានបណ្តើរយកទៅឲ្យបក្សពួកម្នាក់ទៀតឈ្មោះ សុខ ហៀប ស្នាក់នៅភូមិ ព្រែកតាគង់៣ សង្កាត់ ចាក់អង្រែលើ (ផ្ទះក្បែរគ្នា) ជួយតផ្តាច់ខ្សែកុងតាក់ម៉ូតូដើម្បីបញ្ឆេះជិះយកទៅលាក់ទុកផ្ទះរបស់ខ្លួនសម្រាប់ទុកលក់ចែកលុយគ្នាចាយ ខណៈនោះកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានចុះទៅផ្ទះជនសង្ស័យឈ្មោះ សុខ ហៀប ឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ជ្រោយពេជ្រ


ចែករំលែក៖