ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូសណ្ដោងរ៉ឺម៉ករបស់ពលរដ្ឋមិនបានសម្រេចត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ពេលកំពុងធ្វើសកម្មភាពលួចម៉ូតូសណ្ដោងរ៉ឺម៉ករបស់ពលរដ្ឋលក់បន្លែនៅក្រុងតាខ្មៅ ត្រូវបានម្ចាស់រ៉ឺម៉កឃើញទាន់ស្រែកឆោឡោប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។ ករណីនេះ​បានកើតឡើង កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង១៥នាទីត្រង់ចំណុចផ្សារតាខ្មៅថ្មី ស្ថិតក្នុងភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ត​កណ្ដាល​។ 

     មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ​ គៀក បិន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ​ បច្ចុប្បន្នស្នាក់នៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត​កណ្តាល។ ចំ​ណែកជនរងគ្រោះឈ្មោះ​ លន់ ពៅ ភេទប្រុស​ អាយុ​៣១ឆ្នាំ​ មានទីលំនៅភូមិ​កណ្តាលសង្កាត់រលួស ខណ្ឌដង្កោភ្នំពេញ មុខ​របរ​ លក់ដូរ។ ដោយឡែកវត្ថុតាងដកហូតបានមាន ម៉ូតូ​១គ្រឿង​ម៉ាក​ហុងដាពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ កណ្តាល១J​-១២៩៣ និង រ៉ឺម៉កពណ៌ខៀវ ចំនួនមួយ (របស់ជនរងគ្រោះ)។

   ប្រភពដដែលបន្តថា​ នៅថ្ងៃខែ​ឆ្នាំ​កេីតហេតុ​ខាង​លេី​ ជនរងគ្រោះនិងប្រពន្ធបានបើករ៉ឺម៉កម៉ូតូដឹកបន្លែមកលក់នៅផ្សារតាខ្មៅថ្មីដូចសព្វដង ហើយបានចតម៉ូតូសណ្តោងរ៉ឺម៉កទុកចោល ពេលនោះជនសង្ស័យក៏បានធ្វើសកម្មភាពលួចយករួចបើករត់គេចមកដល់ខាងត្បូងប៉ុស្តិ៍ព្រែកឫស្សី តែត្រូវជនរងគ្រោះតាមទាន់ទាន់ ហើយបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកឫស្សីសហការជាមួយផ្នែកជំនាញនគរបាលយុត្តិធម៌ចុះទៅដល់កន្លែងកើតហេតុរួចបាននាំជនសង្ស័យនិងវត្តុតាងមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តចាត់ការតាមនីតិវិធី៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖