ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត និងចំនួន ៤នាក់ទៀតបានរងរបួសធ្ងន់ជាបន្តបន្ទាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពីរលើក នៅខេត្តពោធិ៍សាត់ ។
នគរបាលស្រុកតាលោសែនជ័យប្រាប់ថា នៅយប់ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូម្ដុំផ្សារស្រូវ ស្ថិតនៅភូមិព្រៃតោ ឃុំតាលោ ស្រុកតាលោកសែនជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយអ្នកជិះម៉ូតូម៉ាកុហុងដា វ៉េវអាល់ហ្វា ធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់កន្លែងកើតហេតុបានបុកអ្នកជិះកង់ពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង ។
ដោយឡែក នគរបាលស្រុកក្រគរឯនេះវិញប្រាប់ដែរថា យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៤.១៤៥ ស្ថិតនៅភូមិសានស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ រវាងអ្នកធ្វើដំណើរតាមម៉ូតូរួមគ្នាចំនួន ៣នាក់ បានបុកជាមួយរថយន្តធុនធំខណៈកំពុងធ្វើចរាចរណ៍ច្រាសទិសគ្នា បណ្ដាលឲ្យយុវជនបើកបរម៉ូតូស្លាប់ភ្លាមៗ និងនារីរួមដំណើរ ២នាក់រងរបួសធ្ងន់ ។
ប្រភពព័ត៌មានពីនគរបាលស្រុកទាំងពីរខាងលើបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ពីរលើកបណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសដល់ទៅចំនួន ៥នាក់នេះ នគរបាលជំនាញបានធ្វើកំណត់ត្រឹមត្រូវ។ ចំណែកវត្ថុតាងយានយន្តទាំងអស់សមត្ថកិច្ចយកទៅរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរងចាំបន្តនីតិវិធីពេលក្រោយ ៕
ដោយ៖បុឹម ពិន