ព័ត៌មានទាន់ហេតុការណ៍៖

អតីតយុទ្ធជន១គ្រួសារទទួលបានផ្ទះថ្មី១ខ្នងពីសម្តេចតេជោ ហើយដឹកនាំសាងសង់ជូនដោយលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ លោកច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ  បានដឹកនាំកម្លាំងក្រុមការងារចុះជួយសាងសង់ផ្ទះមួយខ្នង ជូនអតីតយុទ្ធជនមួយគ្រួសារនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីវេលាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

 លោកច័ន្ទ សុភ័ក្រ្តា មេបញ្ជាការបានថ្លែងថា ផ្ទះមួយខ្នងដែលបាននិងកំពុងសាងសង់ថ្មីនៅពេលនេះ គឺមានទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រកន្លះ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី បានចំណាយថវិកាអស់ ៩លាន ២សែន ៥ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភអង្ករ២ការុង ស្មើនឹង៥០គីឡូក្រាម រួមជាមួយថវិកា ២០ម៉ឺនរៀលថែមទៀត ត្រូវបានប្រគល់ជូន ឈ្មោះគង់ ថា ភេទប្រុស អាយុ៥១ឆ្នាំ ជាអតីតយុទ្ធជន រស់នៅភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ 

លោកថា ថវិកាដែលបានចំណាយលើការសាងសង់ផ្ទះ រួមទាំងការឧបត្ថម្ភអង្ករ និងថវិកា២០ម៉ីនរៀលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

លោកមេបញ្ជាការ បានថ្លែងពាំនាំប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានសមាគម ដោយសម្តេចបានក្រើនរំលឹកពីសម័យអតីតកាលថា អតីតយុទ្ធជនទាំងអស់ គឺបានបូជាសាច់ស្រស់ ឈាមស្រស់នៅក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ហើយបានធ្វើឱ្យទឹកដីស្ថិតនៅគង់វង្ស និងបានធ្វើឱ្យប្រទេសជាតិ ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរហូតមកទល់គ្រាបច្ចុប្បន្ននេះ ក៏ដោយសារអតីតយុទ្ធជនទាំងអស់ បានយកអាយុជីវិតធ្វើជាដើមទុន ក្នុងការតស៊ូការពារទឹកដី ធ្វើឱ្យអ្នកខ្លះបានធ្លាក់ខ្លួនពិការដៃ ពិការជើង បាត់កាយសម្បទា និងបានបាត់បង់ជីវិត នៅក្នុងភ្នក់ភ្លើងសង្គ្រាមកាលពីអតីតកាលនោះ។

ហេតុដូច្នេះហើយ ទើបសម្តេចបានបង្កើតសមាគមនេះឡើងសម្រាប់ប្រមែប្រមូលអតីតយុទ្ធជនទាំងអស់ដើម្បីចង់ដឹងពីសុខទុក្ខ និងផ្គត់ផ្គង់ក្នុងការរស់នៅ តាមរយៈការផ្តល់ដី ផ្តល់ផ្ទះ ឧបត្ថម្ភគ្រឿងបរិភោគ និងថវិកា សម្រាប់ជួយទ្រទ្រង់ជីវិត និងគ្រួសារ រស់នៅមានជីវភាពស្មើមុខស្មើមាត់ និងរស់នៅមានសិទ្ធិសេរីភាព ដូចប្រជាពលរដ្ឋឯទៀតអ៊ីចឹងដែរ។ 

លោកមេបញ្ជាការ បានថ្លែងផ្តាំផ្ញើដល់ជនពិការ គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ សូមខិតខំថែរក្សាសុខភាពឱ្យបានល្អ ត្រូវបង្កើនការអនាម័យឱ្យបានស្អាតជានិច្ច ទៅតាមអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តឱ្យបានជាប្រចាំទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា។

សូមបញ្ជាក់ថា ផ្ទះដែលបានសាងសង់ជូនគ្រួសារអតីតយុទ្ធជនរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ រហូតមកទល់នឹងពេលនេះ គឺជាផ្ទះខ្នងទី៦៥ហើយ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីកម្ពុជា សង់ជូនអតីតយុទ្ធជន៕

ដោយ៖មាស សុផាត


ចែករំលែក៖