ភ្នំពេញ៖ នារីម្នាក់បើករថយន្តក្នុងល្បឿនលឿនហើយសង្ស័យងោកមួយភាំងទើបរេចង្កូតទៅបុកខឿនចិញ្ចើមផ្លូវ បណ្តាលឲ្យរថយន្តដាច់កាឡេកង់ទៅមុខលែងរួច។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចខាងក្រោមស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍ផ្លូវគោកប្រចាំការនៅគោលដៅខាងក្រោមស្ពានអាកាស៧មករា បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក ម៉ាស្តា CX-5 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-3564 បើកបរដោយនារីម្នាក់តាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន។ខណៈមកដល់ចំណុចកើតហេតុសង្ស័យអ្នកបើកបររថយន្តងោកមួយភាំងទើបរេចង្កូតជ្រុលទៅបុកខឿនចិញ្ចើមផ្លូវខាងក្រោមស្ពានអាកាស៧មករា បណ្តាលឲ្យរថយន្តដាច់កាឡេកង់ទៅមុខលែងរួច។
បន្ទាប់ពីកើតហេតុ ដោយសាររថយន្តបង្ក មិនបង្កការខូចខាតអ្វីដល់សម្បត្តិសាធារណ: ទើបសមត្ថកិច្ចព្រមឲ្យម្ចាស់រថយន្តទាក់ទងហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ ជ្រោយពេជ្រ