ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋភូមិដំបូក១០០ និងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់បាមរាយការណ៍ថា រហូតមកដល់ម៉ោងនេះ ថ្ងៃនេះ គេមិនទាន់ឃើញសមត្ថកិច្ចមានចំណាត់ការលើឈ្មោះ ឯក ធឿន ហៅហុច អតីតមេភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅឡើយនោះទេ ពាក់ព័ន្ធករណីឆបោកយកម៉ូតូគេ។
សេចក្ដីរាយការណ៍បន្តថា លោក ឯក ធឿន ហៅហុច អតីតមេភូមិដំបូក១០០ រូបនេះ គេស្គាល់ចរិតគាត់ច្បាស់ណាស់គឺជាមនុស្សរពឹសដៃ រពឹសមាត់ និងចិត្តគំនិតមិនល្អស្មោះត្រង់នោះឡើយ។ ជាក់ស្ដែងកាលពីជាងមួយខែមុនគាត់បានទិញម៉ូតូ១គ្រឿងពីអ្នកឃុំស្នាមព្រះ ស្រុកបាកាន ក្នុងតម្លៃ ១លាន ១០មុឺនរៀល ប៉ុន្តែ(ឯក ធឿន ហៅហុច)បានយកម៉ូតូនោះទៅជិះដោយមិនឲ្យលុយគេនោះទេ។ លុះមកដល់ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ (ឯក ធឿន ហៅហុច) បានយកម៉ូតូ១គ្រឿងដែលទិញអត់ឲ្យលុយគេ នោះទៅលក់ឲ្យប្រជាពលរដ្ឋនៅភូមិដំបូក១០០ ឃុំត្នោតជុំ ក្នុងតម្លៃ ៥៥មុឺនរៀល រួចគេចខ្លួនបាត់ពីផ្ទះដែលគេដឹងថា ឈ្មោះឯក ធឿន ហៅហុច មានទីលំនៅក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សេចក្ដីរាយការណ៍ដដែលបន្តទៀតថា បន្ទាប់ជនទី២ដែលបានទិញម៉ូតូពីឈ្មោះ ឯក ធឿន ហៅហុច ក្នុងតម្លៃ៥៥មុឺនរៀល ទទួលបានព័ត៌មានពីម្ចាស់ដើមកំពុងតាមយ៉ាងប្រកៀកប្រកិតនោះ គាត់មានការភ័យខ្លាចទើបឲ្យកម្លាំងប្រជាការពារភូមិដំបូក១០០ ជូនជិះយកទៅប្រគល់ជូនប៉ុសិ៍្ដនគរបាលរដ្ឋបាលត្នោតជុំ នារសៀលថ្ងៃ១១ ខែឆ្នាំដដែល ហើយម្ចាស់ដើមបានមកទទួលយកម៉ូតូនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្នោតជុំនោះហើយ ។
ដោយឡែកពាក់ព័ន្ធនឹងករណីរឿងរ៉ាវឈ្មោះ ឯក ធឿន ហៅហុច ខាងលើនេះដែរ លោក វរសេនីយ៍ត្រី ស៊ុយ ម៉ៅ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ទទួលផែននគរបាលយុត្តិធម៌បានប្រាប់អ្នកសារព័ត៌មាននគរវត្តតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នេះថា ករណីហ្នឹងមិនទាន់ដល់អធិការដ្ឋាននៅឡើយទេ ប៉ុន្តែប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំទទួលពាក្យបណ្ដឹងរួចហើយ ៕ ដោយ៖ បុឹម ពិន