ព័ត៌មានទាន់ហេតុការណ៍៖

ចិនប្រហារជីវិតជនជាតិអូស្ត្រាលី​ពីបទជួញដូរគ្រឿងញៀន

ចែករំលែក៖

ទំនាក់ទំនងរវាងចិននិងអូស្ត្រាលី​ប្រឈមមុខតានតឹងកាន់តែខ្លាំងឡើង ក្រោយពេល​ដែលចិនប្រកាសប្រហារជីវិតជនជាតិអូស្ត្រាលីពីបទ ជួញដូរគ្រឿងញៀន​។
សារព័ត៌មានរ៉យទ័របានដកស្រង់ការប្រកាសរបស់ក្រសួងការបរទេសអូស្ត្រាលី ​នៅថ្ងៃទី១៣ខែមិថុនាបញ្ចាក់ថា​«យើងពិតជាសោកស្តាយពេលទទួលបានដំណឹងដ៏អាក្រក់នេះ ។ អូស្ត្រាលីប្រឆាំងយ៉ាងខ្លាំង ដល់ការដាក់ទោសប្រហារជីវិតពលរដ្ឋរបស់ខ្លួន ។​យើងគាំទ្រឲ្យលុបច្បាប់ប្រហារជីវិត​»។
ក្រសួងការបរទេសអូស្ត្រាលីបានឲ្យដឹងថា នឹងតស៊ូ​តាមរយៈស្ថានទូត​ចំពោះបញ្ហាខាងលើ បុន្តែមិនបញ្ជាក់ពីអត្តសញ្ញា​ណពលរដ្ឋអូស្ត្រាលីដែលត្រូវចិនប្រហារជីវិតឡើយ។
ចំណែកប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានផ្សាយថា ជនជាតិអូស្ត្រាលីដែលត្រូវប្រហារជីវិតមានឈ្មោះថា Cam Gillespie ត្រូវបានចាប់ខ្លួនកាលពី​៧ឆ្នាំមុន ដោយចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។
សូមបញ្ជាក់ថា លោក​Cam Gillespie ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៣ ពីបទជួញដូរគ្រឿងញៀនដល់ទៅ៧,៥ គីឡូក្រាម ប្រភេទmethamphetamine ។ នៅពេលនេះ​ក្រសួងការបរទេស ចិនមិនទាន់វិភាគអ្វីជុំវិញបញ្ហាខាងលើ នោះឡើយ។ ទោសប្រហារជីវិតពាក់ព័ន្ធការជួញដូរគ្រឿងញៀន មិនមែនជារឿងខុសប្រក្រតីនៅចិននោះឡើយ​ដោយប្រទេសនេះតែងតែ ប្រហារជីវិត​អ្នកដែលប្រព្រឹតបទល្មើសធ្ងន់។
ទំនាក់ទំនងរវាងចិន និងអូស្ត្រាលី កាន់តែតានតឹង ក្រោយពេលអូស្ត្រាលីអំពាវនាវឲ្យ បើកការស្រាវជ្រាវពីប្រភពរាលដាលនៃវីរុសកូវីដ-​១៩​ ដែលផ្ទុះឡើងដំបូងគេនៅទីក្រុងវូហានប្រទេសចិន ។ កាលពីសប្តាហ៍កន្លងមក​ចិន​បានសម្រេចឈប់ទិញសាច់គោពីប្រទេសអូស្ត្រាលី​ មិនតែប៉ុណ្ណោះចិនក៏បានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួន កុំទៅកម្សាន្តនៅអូស្ត្រាលីផងដែរ​៕ ធី រីណា


ចែករំលែក៖