ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្ដែងលោក Kavin ត្រូវប៉ាន់តួព្រាន និងមនុស្សក្បត់

ចែករំលែក៖

   ភ្នំពេញ៖ ទើបនឹងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ នឹងការសម្តែងក្នុងភាពយន្តអប់រំខ្លី រឿង “ប្រពន្ធបាយកក” មិនបានប៉ុន្មានផង តារាសម្តែងស្រស់សង្ហា លោក ង៉ែត សុវណ្ណេត ហៅ Kavin បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលនឹងស្នាដៃសម្តែងក្នុងបទចម្រៀងថ្មី ។ បទថ្មីលោកក៏ត្រូវបានផលិតករដាក់សម្តែងជាតួអង្គមនុស្សប្រុសចិត្តព្រាន បោះបង់ស្នេហ៍ចាស់ស្រវ៉ាស្រីថ្មីរហូតអ្នកគាំទ្រដាក់ងារថាប្រុសមុខព្រានថែមទៀតផង។

បទចម្រៀង “ប្រពន្ធបាយកក” ដែលតារាសម្តែងស្រស់សង្ហា លោក Kavin សម្តែងរួមគ្នាជាមួយ អ្នកចម្រៀង ចាន់ឡា ទទួលបានការគាំទ្រច្រើនដែលមិនដល់មួយសប្តាហ៍ផងបទនេះមានអ្នកចូលទស្សនាក្នុងបណ្តាញសង្គមរាប់លានដងរួចមកហើយ។ មិនធ្វើឲ្យអ្នកគាំទ្រខកចិត្ត តារារូបនេះបានបង្ហាញមុខក្នុងការសម្តែងក្នុងបទចម្រៀងថ្មីគឺបទ”យើងមិនស្អាតសុំអែបគៀន” ដែលផលិតដោយផលិតកម្ម Bee Production។ តារាប្រុសរូបនេះបញ្ជាក់ថា បទចម្រៀងថ្មីនេះច្រៀងដោយកញ្ញា សូ សុផលីន ហើយលោកនៅតែសម្តែងជាតួអង្គបែបមនុស្សប្រុសចិត្តព្រាន និយមផ្លាស់ប្តូរស្នេហាពីមួយទៅមួយ។ លោកសប្បាយចិត្តដែលស្នាដៃសម្តែងថ្មីៗជាបន្តបន្ទាប់ត្រូវបានលេចរូបរាងឡើង ហើយបើទោះបីជាមានទស្សនិកជនខ្លះជេរតួអង្គប្រុសក្នុងសាច់រឿង មែន ក៏ឆ្លុះបញ្ចាំងពីគុណភាពនៃការផលិតស្នាដៃសិល្បៈ និងការសម្តែងរបស់លោក ហើយលោកនឹងខិតខំប្រឹងប្រែងបន្តដើម្បីបម្រើការកម្សាន្តរបស់អ្នកគាំទ្រ។

តារាសម្តែងរូបនេះបញ្ជាក់ថាលោកនៅមានស្នាដៃសម្តែងក្នុងភាពយន្ត និងបទចម្រៀងមួយចំនួនទៀតដែលនឹងបន្តបញ្ចេញក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕ ដោយ ៖វឌ្ឍនា


ចែករំលែក៖