ភ្នំពេញ៖ កញ្ញា អែម គុណថង ដែលគេបានស្គាល់ជា Miss Earth Cambodia 2017 បានបញ្ចេញរូបថតស៊ិចស៊ី បង្អួតរូបរាងនៅតំបន់វាលស្រែ។ រូបថតនេះរងការរិះគន់ច្រើនពីទស្សនិកជន និងមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពស្រុកស្រែណានោះទេ។
គេចាំបានថា អែម គុណថង ជាតារាម៉ូឌែលម្នាក់ដែលទីផ្សារសិល្បៈខ្ពស់ តាមរយៈការថតសម្អាងការ ថតម៉ូត និង ដើរបង្ហាញម៉ូត ជាដើម។ ការបញ្ចេញរូបថតសុិចស៊ីប៉ុន្មានសន្លឹកពីសំណាក់អ្នកគ្រប់គ្រងរបស់នាងត្រូវបានរងការរិះគន់ច្រើនពីមហាជន ។អ្នកលេងបណ្តាញសង្គមម្នាក់ឈ្មោះសោភី បានបង្ហាញទស្សនៈរបស់ខ្លួនថា “ឯណាទៅតម្លៃជាស្រ្ដីខ្មែរ ខ្លួនជាកូនខ្មែរ ជាតិសាសន៍ខ្មែរ រស់នៅលើទឹកដីខ្មែរ តែកុំមើលមិនដឹងដូចស្អីទេ។ បើថាមិនបានជួយអ្វីដល់សង្គមទេ សូមត្រឹមតែជួយការពារតម្លៃជាតិសាសន៍ខ្លួនឯងទៅបានហើយ ។ តែនេះនាំគ្នាធ្វើតែរឿងឡប់ៗបំពុលតែសង្គម មួយថ្ងៃៗរឿងប្លែករហូតអស់ពីរឿងមួយចូលរឿងមួយ”។ អ្នករិះគន់រូបនេះបានចាត់ទុកថា “សុទ្ធសឹងតែរឿងឡប់សតិ”។ លោកថាជាតិសាសន៍គេធំឡើងមួយៗមានតែជួយចូលរួមកសាងជាតិគេអោយរីកចម្រើនឈានទៅរកភាពជោគជ័យ ។ តែខ្មែរវិញធំឡើងមិនទាន់ទេនាំគ្នាបំផ្លាញសង្គម ពូកែតែខាងនាំគ្នាធ្វើរឿងឈានទៅរកការបាត់បង់ អារឿងថោកមិចក៏ធ្វើបានដែលអោយតែបានលុយ មិនខ្វល់ថារឿងនោះធ្វើទៅសមឬអត់ទេហើយប៉ះពាល់អ្វីខ្លះក៏មិនខ្វល់ ដឹងត្រឹមថាអញបានលុយអញបានល្បីល្បាញ អញមានគេស្គាល់ច្រើន អញបានធ្វើជាតារា ស្អីក៏ធ្វើដែល ។ លោកក៏បានចាត់ទុកសកម្មភាពខាងលើថាជាដំណើរឈានទៅរកភាពរលាយរលត់ ។ នៅមានការរិះគន់ជាច្រើនជុំវិញការបញ្ចេញរូបភាពទាំងនេះ។
នៅមិនទាន់អាចស្វែងរកការបញ្ចាក់ពីកញ្ញា ឯម គុណថងបាននៅឡើយទេ៕ ដោយ ៖វឌ្ឍនា