នៅពេលនេះប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអុីន បានចេញមុខអំពាវនាវដល់កូរ៉េខាងជើងបញ្ឈប់សកម្មភាពដែលធ្វើឲ្យប្រទេសទាំងពីរប្រឈមមុខតានតឹងសារជាថ្មី។ ការអំពាវនាវរបស់ប្រធានាធិបតីមូន ជេអុីនក្រោយពេលមេដឹកនាំកូរ៉េខាងជើងព្រមានកាត់ផ្តាច់រាល់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅថ្ងៃទី១៥ ខែមិថុនា ប្រធានាធិបតី មូន ជេអុីនបានលើកឡើងថា លោកពិតជាសោកស្តាយយ៉ាងខ្លាំង ដែលទំនាក់ទំនងរវាងកូរ៉េខាងជើង នឹងអាមេរិក មិនមានការរីកចម្រើនដូចការចង់បាន។ ប៉ុន្តែលោកបានលើកឡើងថានេះជាពេលវេលាដែលកូរ៉េទាំងពីរចំាបាច់ត្រូវតែស្វែងរកចំណុចល្អដើម្បីបញ្ចប់ភាពជាប់គាំង។
ពាក់ព័ន្ធនឹងសេចក្តីប្រកាសរួមដែល ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអុីន និងមេដឹកនាំគីម ជុងអ៊ុន ពីរលើកកន្លងមកនៅព្រំដែន និងនៅទីក្រុងព្យុងយ៉ាងកាលពីឆ្នាំ២០១៨ លោកមូន បញ្ជាក់ថា«ពាក្យសន្យាពីសន្តិភាពនៅឧបទ្វីបកូរ៉េ របស់មេដឹកនាំគីម ជុងអ៊ុនបាននិយាយទៅកាន់ពលរដ្ឋ៨០លាននាក់គឺជារឿងមិនអាចក្រឡាស់បានឡើយ»។
លោកមូន បន្តទៀតថា«កូរ៉េខាងជើង មិនគួរកាត់ផ្តាច់បណ្តាញទំនាក់ទំនងនៅព្រំដែនឡើយ អាចជំរុញឲ្យវិលត្រឡប់ទៅរកភាពតានតឹងដូចកាលពីអតីតកាល ។ ខ្ញុំសង្ឃឹមថា នឹងដោះស្រាយរាល់បញ្ហាប្រឈមមុខ តាមបណ្តាញទំនាក់ទំនងនោះ» ៕ ធី រីណា