ព័ត៌មានទាន់ហេតុការណ៍៖

ការវិនិយោគនៅព្រះសីហនុ នឹងងើបឡើងវិញ ក្រោយការវិលត្រឡប់របស់អ្នកវិនិយោគចិន ជាង១ពាន់នាក់

ចែករំលែក៖

ភ្នំពេញ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ ដោយបង្ហាញក្តីរំពឹងថា៖ វត្តមានរបស់អ្នកវិនិយោគចិន អាចនឹងធ្វើឲ្យស្ថានភាពវិនិយោគនៅខេត្តព្រះសីហនុ ប្រែប្រួលឬដំណើរឡើងវិញ ខណៈជនជាតិចិនជាង១ពាន់នាក់ បានត្រឡប់ទៅខេត្តព្រះសីហនុ តាមជើងហោះហើរត្រង់ចាប់តាំងពីថ្ងៃទី២៣ ខែឧសភា ដល់១៣មិថុនា ដោយក្នុងចំណោមពួកគេ ភាគច្រើនជាអ្នកវិនិយោគនិងអ្នកធ្វើការ។

លោក ឃាង ភារម្យ បានឱ្យដឹងនៅថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២០នេះថា ៖ រាល់ជនបរទេសទាំងអស់ ដែលទៅដល់ខេត្តព្រះសីហនុ សុទ្ធតែឆ្លងកាត់ការធ្វើតេស្តរកកូវីដ-១៩ រួមទាំងការធ្វើចត្តាឡីស័ក១៤ថ្ងៃ និងធ្វើតេស្តលើកទី២បន្ថែមទៀតផង។

អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឃាង ភារម្យថ្លែងថា៖ «ការត្រឡប់របស់អ្នកវិនិយោគចិន ពេលនេះ លោកសង្ឃឹមនិងមើលឃើញពីភាពវិជ្ជាមាននៃវិស័យទេសចរណ៍និងឧស្សាហកម្មនឹងងើបឡើងវិញ បន្ទាប់ពីបញ្ចប់វិធានការនៃការដាក់ចត្តាឡីស័ក លើពួកគេ»។

ដោយឡែក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើង ក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពខេត្តព្រះសីហនុ នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៩ មិថុនា ថា ៖ បច្ចុប្បន្នជនជាតិចិនជាង១,៥ម៉ឺននាក់ កំពុងរស់នៅខេត្តព្រះសីហនុ។ លោក អះអាងថា កាលពីកូវីដ-១៩ មិនទាន់ផ្ទុះឡើង ជនជាតិចិនប្រមាណ២ម៉ឺននាក់ បានរស់និងដើរកម្សាន្តនៅខេត្តព្រះសីហនុ។

លោក ឃាង ភារម្យ បញ្ជាក់ថា៖ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស១០កន្លែង ដែលឥឡូវ កំពុងដំណើរការ៤កន្លែង។ ដោយឡែកកន្លែងផ្សេងទៀត កំពុងដំណើរការសាងសង់និងកន្លែងខ្លះបានផ្អាកសកម្មភាព បន្ទាប់ផ្ទុះជំងឺកូវីដ-១៩ដោយបន្ថែមថា ស្ថានភាពហាងទំនិញ ផ្សារ ផ្ទះសំណាក់ គឺដំណើរការធម្មតា។
សូមជម្រាបថា៖ រដ្ឋបាលខេត្តព្រះសីហនុ បានកសាងផ្លូវគមនាគមន៍ ជាច្រើនខ្សែ និងមានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ មានការរីកចម្រើន និងផ្លាស់ប្តូរមុខមាត់ នាតំបន់សេដ្ឋកិច្ច ទេសចរណ៍៕ដោយ៖សិលា


ចែករំលែក៖