ភ្នំពេញ៖ ភ្នំដែលសន្មត់ជានាមទីក្រុងរបស់ខ្មែរ គឺទីក្រុងភ្នំពេញសព្វថ្ងៃ កើតមានតាំងពីមុនពេលស្ថាបនាព្រះរាជវាំង ដោយមានរឿងដំណាលថា៖ ក្នុងកាលកន្លងទៅហើយ (គ.ស. ១៣៧២) មានយាយចាស់ម្នាក់ឈ្មោះ ” ពេញ ” ជាអ្នកមានភោគសម្បត្តិបរិបូណ៌ មានទីលំនៅៗ ក្បែរមាត់ច្រាំងទន្លេបួនមុខ ។ ផ្ទះគាត់សង់នៅលើទួលមួយខាងកើតភ្នំតូចមួយ ។ ថ្ងៃមួយ ទីនោះមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេជន់លិចរហាចរហឹម ដូនពេញគាត់ចុះទៅកំពង់ទឹកស្រាប់តែឃើញដើមគគីរមួយធំអណ្ដែតមកក្បែរច្រាំង ហើយដោយអំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះតែអណ្ដែតវិលវល់ នៅក្បែរមាត់ច្រាំងនោះ ។លុះដូនពេញឃើញដូច្នោះ ក៏ប្រញាប់រត់ទៅអំពាវនាវហៅអ្នកជិតខាងឲ្យមកជួយទាញយកគគីរនោះ ។ អ្នកជិតខាងក៏នាំគ្នាយកពួរទៅចង ហើយអូសរំកិលបន្តិចម្ដងៗ ទាល់តែមកដល់លើមាត់ច្រាំង ។ ពេលដែលដូនពេញ យកកំណាត់ឈើទៅកោសកៀរសំអាតភក់ចេញ គាត់បានឃើញក្នុងប្រហោងឈើគគីរនោះមានព្រះពុទ្ធរូប ៤ ព្រះអង្គតូចៗ ធ្វើអំពីសំរឹទ្ធិ នឹងទេវរូបមួយអង្គទៀត ធ្វើអំពីថ្ម ទេវរូបនោះទ្រង់ឈរ ព្រះហស្តម្ខាងទ្រង់ដំបង ព្រះហស្តម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង ។ ដូនពេញនឹងអ្នកជិតខាងដែលទៅជួយមានសេចក្ដីត្រេកអរណាស់ ដោយរើសបានរបស់ជាទីគោរព ក៏នាំគ្នាដង្ហែព្រះបដិមាករទាំងនោះមកដល់ផ្ទះដូនពេញ ហើយដូនពេញចាត់ការសង់ខ្ទមមួយតូច តម្កល់ជាបណ្ដោះអាសន្ន ។ ថ្ងៃក្រោយមកដូនពេញអំពាវនាវឲ្យអ្នកជិតខាង ជួយលើកដីពូនភ្នំដែលនៅខាងលិចផ្ទះគាត់នោះឲ្យទៅភ្នំធំមែនទែន ។ បន្ទាប់ពីនោះគាត់ឲ្យអារឈើគគីរធ្វើជាសសរវិហារ ដែលគាត់បម្រុងនឹងសង់លើភ្នំនោះ ។ ក្នុង គ.ស. ១៣៧២ ដូនពេញនឹងអ្នកស្រុកជាច្រើនអ្នកស្រុះស្រួលបបួលគ្នាសាងវិហារមួយខ្នង ប្រក់ស្បូវភ្លាំង នៅលើកំពូលភ្នំនោះ ហើយគាត់ដង្ហែព្រះពុទ្ធរូបសំរឹទ្ធិ ៤ ព្រះអង្គ ទៅតម្កល់ទុកក្នុងវិហារនោះ ។ ចំណែកទេវរូបថ្ម ១ អង្គ គាត់ដង្ហែទៅតម្កល់ទុកលើអាសនៈមួយនៅជើងភ្នំខាងកើត ហើយដោយគាត់យល់ថា ទេវរូបនោះអណ្ដែតទឹករសាត់មកពីស្រុកលាវ នឹងមានបែបភាពដូចជាលាវ គាត់ក៏បានសន្មតនាមថា ” អ្នកតាព្រះចៅ ” ។ នាមចាប់មកដល់សព្វថ្ងៃនេះ ។
កាលសាងវិហាររួចហើយ គាត់និមន្តព្រះសង្ឃមកគង់លើជើងភ្នំនោះក្នុងទិសខាងលិច ទើបកើតមានឈ្មោះថា ” វត្តភ្នំដូនពេញ ” ដែលសព្វថ្ងៃនេះ ហៅកាត់ខ្លីថា ” វត្តភ្នំ ” ហើយទីភូមិនោះ គេហៅថា ” ភ្នំពេញ ” តាំងពីពេលនោះមក រហូតដល់សព្វថ្ងៃ ។
ឯព្រះពុទ្ធរូប ៤ ព្រះអង្គ និងអ្នកតាព្រះចៅនោះបានបញ្ចេញឥទ្ធិឫទ្ធីឲ្យឃើញពូកែស័ក្ដិសិទ្ធណាស់ អ្នកណាបន់ស្រន់ក៏បានសម្រេចដូចបំណងពិត ( នេះជំនឿរបស់អ្នកស្រុក ) ។
នេះហើយជាដើមកំណើតក្រុងភ្នំពេញ ដែលក្រោយពីនោះរវាង ៦០ ឆ្នាំ បានកើតជាទីក្រុងរបស់ស្ដេចខ្មែរយ៉ាងស្ដុកស្ដម្ភ ។
ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញ លើកទី ១
ព្រះរាជពង្សាវតារប្រទេសកម្ពុជា ចែងថា ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់គ្រប់គ្រងរាជសម្បត្តិគង់នៅក្នុងព្រះបរមរាជវាំង មហានគរ (នគរធំ) បាន ១៥ ឆ្នាំ លុះមកដល់ឆ្នាំគម្រប់ ១៦ នៃរជ្ជកាលរបស់ព្រះអង្គ ទើបទ្រង់មានព្រះយោបល់ថា នឹងទ្រាំនៅក្នុងមហានគរនេះតទៅទៀតពុំបាន ក៏មានព្រះបញ្ជាឲ្យកសាងព្រះរាជវាំងថ្មីនៅទួលបាសាណ ក្នុងខេត្តស្រីឈរ ដែលសព្វថ្ងៃហៅថាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
នៅថ្ងៃទី ១៣ រោច ខែមិគសិរ ឆ្នាំជូតចត្វាស័ក ព. ស. ១៩៧៦ ច.ស. ៧៩៤ គ. ស. ១៤៣២ ព្រះបាទសម្ដេចបរមរាជា (ពញាយ៉ាត) ទ្រង់ស្ដេចយាងចេញចាកមហានគរ មួយអន្លើដោយរាជសេវកាមាត្យ នាហ្មឺនសព្វមុខមន្ត្រីជាដើម ដោយព្រះទីន័ងនាវាតាមជលមាគ៌ាមក លុះថ្ងៃ ១៥ កើត ខែបុស្ស ឆ្នាំជូតចត្វាស័ក ស្ដេចយាងដល់ទួលបាសាណ ស្ដេចគង់នៅជាសុខសម្រាន្តក្នុងព្រះរាជវាំងបាសាណនោះ បានត្រឹមតែជាង ១ ឆ្នាំប៉ុណ្ណោះ ដោយទឹកទន្លេចេះតែឡើងលិចទីនោះរាល់ឆ្នាំ ទើបព្រះអង្គមានព្រះរាជបញ្ជាឲ្យសម្ដេចចៅពញា កែ នឹងឧកញ៉ាហោរាធិបតី ខៀវ ព្រមដោយមន្ត្រីឯទៀតខ្លះផង ដែលស្គាល់ទីដីមានជយភូមិ ឲ្យទៅពិនិត្យមើលទីដីនៅជិតភ្នំដូនពេញ ឃើញថា ទីដីនៅទិសអាគ្នេយ៍ភ្នំដូនពេញមានជយភូមិល្អ ព្រះអង្គក៏មានព្រះរាជបញ្ជា ឲ្យកសាងព្រះរាជវាំងថ្មីនៅត្រង់នោះ ។
នៅថ្ងៃ ៩ កើត ខែពិសាខ ឆ្នាំ ខាលឆស័ក ព. ស. ១៩៧៨ ច. ស. ៧៩៦ គ. ស. ១៤៣៤ ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ស្ដេចយាងចាកចេញព្រះបរមរាជវាំងបាសាណ, នៅថ្ងៃ ១៥ កើត ខែពិសាខ នុ៎ះឯង ស្ដេចយាងចូលគង់ក្នុងព្រះរាជវាំងថ្មីនាទិសអាគ្នេយ៍ ភ្នំដូនពេញ ។
នៅថ្ងៃ ១១ រោច ខែពិសាខ ឆ្នាំម្សាញ់ នព្វស័ក ព. ស. ១៩៨១ ច. ស. ៧៩៩ គ. ស. ១៤៣៧ ព្រះប្រទានក្រុងថ្មីនេះថា ក្រុងចតុម្មុខមង្គល ។ ឯទន្លេ ៤ មុខ ដែលគេធ្លាប់ហៅថា ទន្លេច្រាបឈាម មកយូរហើយនោះ ទ្រង់ប្រទានឈ្មោះថា ទន្លេចតុម្មុខបូព៌ា វិញ ។ល។ ព្រះអង្គមានព្រះរាជបញ្ជាឲ្យឧកញ៉ាតេជោ ស្រីចៅហ្វាយស្រុកសំរោងទង ជាអ្នកកាន់ការលើកដីចាប់លុបបំពេញភ្នំដូនពេញឲ្យរីកធំខ្ពស់ឡើងផង ។ ទីក្រហូងជ្រៅដែលកើតពីការជីកយកដីនោះជាប់មានឈ្មោះថា បឹងតេជោ រៀងមក គឺទីដីត្រង់ផ្សាថ្មីសព្វថ្ងៃនេះ ។ល។ ទ្រង់មានព្រះរាជបញ្ជាឲ្យឧកញ៉ា ផ្លុង ចៅហ្វាយស្រុកបាទីកាន់ការជីកព្រែក១ នៅខាងត្បូងភ្នំដូនពេញ ដែលជាប់មានឈ្មោះថា ព្រែកឧកញ៉ាផ្លុង ហើយចំណេរកាលតមកហៅថា ព្រែកពាមផ្លុង គឺត្រង់កន្លែងសួនវែងសន្លឹមនៅខាងកើតព្រះសក្យមុនីចេតិយសព្វថ្ងៃនេះ ។ល។
ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់មានព្រះរាជបញ្ជាឲ្យកសាងវិហារលើទីដីខ្ពស់ដែលចាក់ថែមថ្មី ត្រង់កន្លែងវិហារចាស់របស់ដូនពេញ ឲ្យកសាងព្រះចេតិយធំៗ ពីខាងក្រោយវិហារ ។ល។ ទ្រង់បញ្ញត្តឲ្យហៅវត្តភ្នំដូនពេញថា វត្តព្រះចេតិយបព៌ត ដូច្នេះវិញ (លុះចំណេរកាលតមកមហាជនបែរជាហៅវត្តនេះថា វត្តភ្នំដូនពេញ អ្នកខ្លះហៅថាវត្តភ្នំពេញ ឬថា វត្តភ្នំ ជាប់តរៀងមក ) ទ្រង់មានព្រះរាជបញ្ជាឲ្យកសាងវត្ត ៦ ដទៃទៀត គឺ
១- វត្តកោះ នៅត្រង់ទិសខាងកើតឆៀងអាគ្នេយ៍ភ្នំដូនពេញ,
២- វត្តលង្កា នៅត្រង់ទិសខាងកើតឆៀងឦសានភ្នំដូនពេញ,
៣- វត្តព្រះពុទ្ធឃោសា នៅត្រង់ទិសខាងត្បូងព្រែកចិនដំដែកនាទិសខាងជើងភ្នំពេញ
បានជាទ្រង់ព្រះរាជទាននាមវត្តទាំង ៣ នេះដូច្នេះ ដើម្បីឲ្យសមនឹងដំណើររឿងដែលថា ព្រះឃោសាចារ្យទៅចម្លងគម្ពីរអំពីកោះលង្កា ។.
៤- វត្តពាមផ្លុង នៅត្រង់ទិសអាគ្នេយ៍ភ្នំពេញ ជិតជាប់នឹងមាត់ព្រែកឧកញ៉ាផ្លុង ឆ្ងាយបន្តិចពីវត្តកោះ ។ ព្រះពុទ្ធរូបអង្គធំដែលតម្កល់ក្នុងវិហារវត្តពាមផ្លុងនោះ មានព្រះនាមថា ព្រះស្រកាលេញ ព្រោះគេបិទមាសរំលេចមានសណ្ឋានស្រដៀងនឹងស្រកាត្រីលេញ
៥- វត្តឧណ្ណាលោម ដែលមាននាមនេះស្រេចស្រាប់មកពីយូរហើយ ជានាមនៃព្រះចេតិយ ដែលបញ្ចុះព្រះឧណ្ណាលោម (រោមប្រជុំចិញ្ចើម) នៃព្រះអស្សជិតត្ថេរ នៅចំកណ្ដាលព្រះចេតិយទាន ៥ ខាងលិចវត្តឧណ្ណាលោមសព្វថ្ងៃនេះ
៦- វត្តខ្ពបតាយ៉ង ដោយយកនាមតាម្នាក់ឈ្មោះយ៉ង ដែលជាអ្នកនៅនឹងខ្ពបនោះមុនគេ លុះចំណេរកាលមក វត្តខ្ពបតាយ៉ង គឺវត្តបទុមវតីសព្វថ្ងៃនេះ ។
បន្ទាប់ពីនោះ ព្រះបរមរាជា (ពញាយ៉ាត) ព្រះអង្គមានព្រះរាជបញ្ជាឲ្យជីកព្រែកមួយទៀតនៅទិសខាងត្បូងព្រះបរមរាជវាំង ហើយឲ្យលើកកំពែងព័ទ្ធជុំវិញក្រុង ។ ព្រែកនៅខាងត្បូងនោះឲ្យឈ្មោះថា ព្រែកតាកែវ នៅខាងលិចព្រែកនោះ មានអូរ ១ ហៅថា អូរគរ ។ មានព្រែក ១ នៅខាងជើងភ្នំហៅថា ព្រែកពុំពាយ ប៉ុន្តែដោយហេតុត្រង់កន្លែងនោះ មានរោងចិនដំដែកវិញ ។
នៅតាមមាត់ទន្លេ ៤ មុខ ព្រះរាជាទ្រង់មានព្រះរាជបញ្ជាឲ្យលើកដីជាកំពែងដើម្បីការពារទឹកទន្លេកុំឲ្យឡើងលិចទីក្រុង ។ ខាងក្នុងកំពែងទីក្រុងថ្មីនេះ ពួកអ្នករាជការនិងអ្នកស្រុកសង់ផ្ទះសម្បែងបានតាមចិត្ត ។ ឯភូមិភាគខាងលិចទីក្រុងសុទ្ធតែជាវាលស្រែ ។
បួនឆ្នាំក្រោយមក ព្រះនារាយណ៍រាជាជាព្រះរាជបុត្រច្បងនៃព្រះបរមរាជា (ពញាយ៉ាត) បានត្រូវតាំងជាព្រះឧបរាជ ហើយទ្រង់ទៅសាងប្រាសាទគង់នៅឯជ្រោយរលួស ។ ក្នុងពេលជាមួយគ្នានោះ ព្រះស្រីរាជា ជាព្រះរាជបុត្របន្ទាប់នៃព្រះបរមរាជា (ពញាយ៉ាត) ទ្រង់ទៅគង់នៅទីខាងលិចអូរគរ លើទួលមួយដែលជាប់នាមហៅថា ទួលព្រះស្រី នៅខាងជើងវត្តព្រះពុទ្ធមានបុណ្យ ។
ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញលើកទី ២
នៅថ្ងៃព្រហស្បតិ៍ ៤ កើត ខែបុស្ស ឆ្នាំឆ្លូវសប្ដស័ក ព. ស. ២៤០៩ ម. ស. ១៧៨៧ ច. ស. ១២២៧, គ. ស. ១៨៦៥ ម៉ោង ៩ ព្រឹក ព្រះបាទសម្ដេចព្រះនរោត្តម បរមរាមទេវាវតារ (ព្រះសុវណ្ណកោដ្ឋ) ស្ដេចយាងចេញចាកព្រះបរមរាជវាំងស្រះសារពើយុត្ត ក្រុងឧត្តុង្គមានជ័យ មកគង់ក្រុងភ្នំពេញ ចតុម្មុខនគរ ។
ការកសាងក្រុងភ្នំពេញ ក្នុងរជ្ជកាលព្រះករុណានរោត្តមនេះ ជាការកសាងលើកទី ២ តពីទី ១ ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត) បានប្រកបដោយជោគជ័យ សិរីមង្គល រុងរឿង ចម្រើន ឋិតថេររហូតមកដល់សព្វថ្ងៃសម័យបច្ចុប្បន្ន៕
ប្រភព ៖ អក្សរសាស្រ្តខ្មែរ