ព័ត៌មានទាន់ហេតុការណ៍៖

អំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារងាយរងគ្រោះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង រួមមាន លោកស្រី ដួង វណ្ណា ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកស្រី ពៅ សុភាព រួមដំណើរដោយ លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជូនដល់គ្រួសារងាយរងគ្រោះ (ចាស់ជរាចំនួន ៣៣គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ២នាក់ និងគ្រួសារមានជីវភាពខ្វះខាតចំនួន ២៥គ្រួសារ) សរុបចំនួន ៦១គ្រួសារ ក្នុងស្រុករំដួល មកពី ឃុំធ្មា ១៨គ្រួសារ ឃុំម៉ឺនជ័យ ២៥គ្រួសារ និង ឃុំស្វាយចេក ១៨គ្រួសារ។

ក្នុងឱកាសនោះ លោកស្រី ដួង វណ្ណា បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹកដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកស្រី ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងភារកិច្ចការងារ គ្រប់ៗក្រុមគ្រួសារ ពិសេសអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ ដោយសារតែប្រទេសកម្ពុជាទើបនឹងរកឃើញអ្នកឆ្លងថ្មីបន្ថែមទៀត។

ជាមួយនេះដែរលោកស្រី បានជម្រុញអោយប្រជាពលរដ្ឋត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណ៍ណែនាំពីវិធានការជាច្រើនរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានសំណូមពរដល់បងប្អូនប្រជាកសិករ ជម្រុញការងារកសិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋាន និងចូលរួមក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិត។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ៦១គ្រួសារ ដោយក្នុង ១ គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង អាវយឺត ២ សាប៊ូ ២ដុំ ក្រម៉ា ១ និងថវិកា ៤០,០០០រៀល ៕

ដោយ៖សិលា


ចែករំលែក៖